(រាជធានីភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបាឋកថាស្តីពី «អភិបាលកិច្ចមូលដ្ឋាន និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា» ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីនេះត្រូវបានធ្វើឡើង នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Microsoft Team)។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា «បាឋកថា»នេះ គឺជាបាឋកថាលើកទី៣ ក្នុងក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលដំបូង និងបន្ត របស់សាលាភូមិន្ទរដ្ឋបាល ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់សិស្សមន្ត្រី-កម្មសិក្សាការី ព្រមទាំងមន្ត្រីរាជការ អំពីចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍លើការងារកំណែទម្រង់ និងការអនុវត្តគោលនយោបាយសាធារណៈ តាមរយៈការចែករំលែកដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមគណៈគ្រប់គ្រង មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី ទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញផ្ដល់បទបាឋកថាដែលមានខ្លឹមសារសំខាន់ៗដូចជា៖
១/- ប្រវត្តិអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា
២/- ទស្សនាទាននៃអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ
៣/- ការវិវឌ្ឍនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា
៤/- វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីកំណែទម្រង់
៥/- ទិសដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
និងសូមចាត់ទុក បាឋកថា ថ្ងែនេះជាសកម្មភាពជួយជំរុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕