loading

ព័ត៌មានលម្អិត

ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូចូលរួមកិច្ច ប្រជុំមន្រ្តីទំនាក់ទំនងលើវិស័យមុខងារសាធារណៈ (ACCSM Focal Points Meeting) តាមប្រព័ន្ធវីដេអូ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម ឌុច ដារិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចការទូទៅនៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួម កិច្ចប្រជុំមន្រ្តីទំនាក់ទំនងលើវិស័យមុខងារសាធារណៈ (ACCSM Focal Points Meeting) នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានផ្នែកមុខងារសាធារណៈ លើកទី២១ (21st ACCSM) នៅសាលាភូមិន្ទរដ្ឋបាល តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយក្រសួងមហាផ្ទៃនៃប្រទេសវៀតណាម។

កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី កិច្ចការមុខងារសាធារណៈ និងមុខងារសាធារណៈបូកបី ឆ្នាំ២០២១-២០២៥ ដែលក្នុងនោះកម្ពុជា មានគម្រោងចំនួន ០៥ រួមមាន៖ (១) ទស្សនកិច្ចសិក្សា ស្តីពី ការផ្តល់សេវាសាធារណៈនៅប្រទេសចិន និងកូរ៉េខាងត្បូង (២) វេទិកាអាស៊ានបូកបី ស្តីពី ការផ្តល់សេវាសាធារណៈ (៣) សិក្ខាសាលា ស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ការកែទម្រង់ (៤) សិក្ខាសាលា ស្តីពី ឌីជីថលនីយកម្មក្នុងរដ្ឋបាលសាធារណៈ និង(៥) ការអភិវឌ្ឍមជ្ឈមណ្ឌល អាស៊ានបូកបី ស្តីពី ការស្រាវជ្រាវ និងនវានុវត្តន៍។

កិច្ចប្រជុំបានពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការសកម្មភាពដើម្បីអនុវត្តសេចក្ដីប្រកាសអាស៊ាន ស្ដីពី ការជម្រុញសមត្ថភាពមុខងារសាធារណៈឆ្លើយតបទៅនឹងការប្រឈមថ្មី ដែលបានអនុម័តដោយប្រមុខមុខងារសាធារណៈអាស៊ាន។ ផែនការសកម្មភាពនេះ តម្រូវអោយប្រទេសសមាជិករៀបចំសកម្មភាព និងគម្រោងអនុវត្តទាំងកម្រិតជាតិ និងអាស៊ាន ដោយសហការជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយ។

លើសពីនេះទៀត កិច្ចប្រជុំនេះក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធ រួមមាន ដៃគូសន្ទនា ដៃគូសន្ទនាតាមផ្នែក ដៃគូអភិវឌ្ឍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអង្គភាពពាក់ព័ន្ធអាស៊ាន ក្នុងការអនុវត្តឯកសារក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ ដែលបានអនុម័តដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងការគាំទ្រនូវការកសាងមុខងារសាធារណៈអាស៊ាន និងចក្ខុវិស័យអាស៊ាន ព្រមទាំងបានពិភាក្សាលើឯកសារទស្សនទាននៃការធ្វើការសិក្សាស៊ីជម្រៅ យោងទៅតាមអនុសាសន៍ដែលបានលើកឡើងក្នុងឯកសារស្ដីពី ការធ្វើទំនើបកម្មមុខងារសាធារណៈក្នុងអាស៊ានឆ្ពោះទៅមុខងារសាធារណៈរួចរាល់សម្រាប់ថ្ងៃអនាគត ដែលបានអនុម័តដោយប្រមុខមុខងារសាធារណៈអាស៊ាន។ គម្រោងនេះគ្រោងធ្វើការពិភាក្សាលើប្រធានបទចំនួន៤ នៅឆ្នាំ២០២២ ៖ (១) អភិក្រមនៃរដ្ឋាភិបាលទាំងមូល (២) អភិបាលកិច្ច និងការគ្រប់គ្រងទិន្នន័យ (៣) មន្ត្រីរាជការរួចរាល់សម្រាប់ថ្ងៃអនាគត (៤) ពិពិធកម្ម និងបរិយាបន្ន ដើម្បីកសាងវិស័យមុខងារសាធារណៈអាស៊ានឱ្យបានរួចរាល់សម្រាប់ថ្ងៃអនាគត។

ប្រទេសសមាជិកទាំងអស់បានវាយតម្លៃខ្ពស់ និងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន លើវិស័យមុខងារសាធារណៈ ទោះជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

កិច្ចប្រជុំនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងផលិតភាពខ្ពស់ ផ្អែកលើស្មារតីជាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអាស៊ាន៕