(រាជធានីភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគសម្រាប់ដំណើរការ នៃការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមពិនិត្យដំណើរការប្រឡង ដែលបានរៀបចំធ្វើឡើងនៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
ការប្រឡងនេះត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ ដោយមានកិច្ចសហការចូលរួមពីកម្លាំងសរុប នៃស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមទាំងផ្នែកអប់រំ សុខាភិបាល ដើម្បីសម្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ធានាបានសុវត្ថិភាព បង្ការជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល៕