(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញធ្វើបទបាឋកថាស្ដីពី «វឌ្ឍនភាព និងទិសដៅគោលនយោបាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ឆ្នាំ២០៥០» ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី២ និងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា៖ ក្នុងនាមតំណាង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមផ្តល់បាឋកថាស្តីពី «វឌ្ឍនភាព និងទិសដៅគោលនយោបាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ឆ្នាំ២០៥០» ក្នុងក្របខណ្ឌវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជំនាន់ទី២ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ ក្នុងគោលបំណងគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងអនុវត្តកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ចាប់ពីកម្រិតអគ្គនាយក អគ្គនាយករង អភិបាល អភិបាលរងខេត្ត រហូតដល់កម្រិតរដ្ឋលេខាធិការ នៃក្រសួង-ស្ថាប័ន ចំនួន៣១ ដែលក្នុងជំនាន់ទី២នេះ មានសិក្ខាកាមសរុបចំនួន ១៦១នាក់ (ស្ត្រី៣១នាក់)។
ក្នុងនាមតំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារៈសំខាន់នៃវត្តមាន ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមចែករំលែកជូនដល់សិក្ខាកាម និងសិស្សមន្ត្រីជាន់ខ្ពស់។
លើសពីនេះ ខ្ញុំសូមចាត់ទុកការចូលរួមចំណែករបស់ ឯកឧត្តម ផាន់ ផល្លា ជាសកម្មភាពយ៉ាងថ្លៃថ្លា ក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាលទាំងក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី២ រវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ក៏ដូចជាក្នុងក្របខណ្ឌបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនានទី១២ នៃសាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយឧត្តមប្រយោជន៍ជាតិមាតុភូមិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា៕