loading

ព័ត៌មានលម្អិត

ឯកឧត្ដម អឹុម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
សាលាភូមិន្ទរដ្ឋបាល បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម អឹុម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្ដម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្ដម លោកជំទាវ ជាគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល សិក្ខាកាម វគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី និងសិស្សចៅក្រម នៃសាលារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សរុបចំនួន ២៧៩នាក់ ។ អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្នុងគោលបំណង ផ្សព្វផ្សាយ និងផ្ដល់ជាចំណេះដឹងដ៏មានអត្ថប្រយោជន៍ បន្ថែមលើចំណេះដឹង ដែលគ្រូឧទ្ទេសបានផ្ដល់ជូន នៅក្នុងសាលាភូមិន្ទរដ្ឋបាលកន្លងមក ជូនដល់ មន្ត្រីរាជការ និងសិក្ខាកាមទាំងអស់ផងដែរ! ជាចុងបញ្ចប់ នៃអង្គសិក្ខាសាលានេះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានប្រគល់នូវ ឯកសារមួយចំនួនដែលពាក់ព័ន្ធទៅនឹង ច្បាប់រដ្ឋធម្មនុញ្ញ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីទុកជាឯកសារសម្រាប់សិស្ស មន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលសិក្សាទៅថ្ងៃមុខផងដែរ!