loading

ព័ត៌មានលម្អិត

ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ ប្រធានបទ ស្ដីពី «ព័ត៌មានវិទ្យាសម្រាប់កិច្ចការរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍លើប្រធានបទ «ព័ត៌មានវិទ្យាសម្រាប់កិច្ចការរដ្ឋបាល» ជូនដល់មន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះផងដែរ ក៏មានការអញ្ជើញពី លោក ញ៉ែម វិច្ឆិកា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ ចូលរួមជាវាគ្មិន ចែករំលែកចំណេះដឹង ដល់សិក្ខាកាមឲ្យកាន់តែស៊ីជម្រៅ និងមានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការរៀបចំឯកសារ និងរបៀបធ្វើការតាមប្រព័ន្ធព័ត៌មានវិទ្យា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កម្មវិធីបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្ដល់ឲ្យសិក្ខាកាម ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត រួមមាន៖
– ការស្វែងយល់ពីលក្ខណៈពិសេស និងសារៈសំខាន់របស់ប្រព័ន្ធបច្ចេកវិទ្យា
– ការណែនាំពីលក្ខខណ្ឌ និងវិធីសាស្រ្តតាមជំហាននីមួយៗ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមានដូចជា៖
• បង្កើតសកម្មភាពផ្សេងៗ លំហាត់អនុវត្ត និងការអនុវត្តការងារលើប្រព័ន្ធបច្ចេកវិទ្យា
• បង្កើនល្បឿនការងារឲ្យមានភាពឆាប់រហ័ស និងងាយស្រួលជាងមុន
• បង្កើនចំណេះដឹង និងជំនាញព័ត៌មានវិទ្យា ដល់មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល។
លទ្ធផលរំពឹងទុក ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ
សិក្ខាកាមចូលរួមនឹងទទួលបាលចំណេះដឹងថ្មីៗបន្ថែមទៀតរួមមាន៖
• ឆ្លើយតបទៅនឹងការអនុវត្តកិច្ចការងារជាក់ស្ដែង
• អាចអនុរត្តផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
•បង្កើនសមត្ថភាពដល់មន្ត្រីក្នុងការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការងារប្រចាំថ្ងៃផងដែរ។