(រាជធានីភ្នំពេញ)៖ នៅថ្ងៃសុក្រ ១៤រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសិក្ខាកាម របស់សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាដ៏ឧត្ដុង្គឧត្ដម ឱ្យចូលធ្វើទស្សនកិច្ចសិក្សា និងចូលរួមស្តាប់ដោយផ្ទាល់នូវបាឋកថាស្តីពី «ទិដ្ឋភាពទូទៅរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា» នៅវិមានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញផ្ដល់ដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម កៃ កេតនីន អគ្គនាយក នៃអគ្គនាយដ្ឋាននីតិកម្ម និងស្រាវជ្រាវ ដែលធ្វើបទបង្ហាញស្តីពី «តួនាទីនីតិកម្មរបស់រដ្ឋសភា» សម្រាប់សិក្ខាកាមទាំង ១១២នាក់ របស់សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។