(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍៖ យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួន ១៥១នាក់។
ឯកឧត្តមបានចែករំលែកនូវការអនុវត្តជាក់ស្តែង នូវខ្លឹមសារសំខាន់ៗជាគន្លឺះនៃភាពជោគជ័យ និងបទពិសោធន៍ជាដំណោះស្រាយបញ្ហាប្រឈម ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលតាមរយៈការប្រើប្រាស់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ ដែលនេះជាបាឋកថាលើកទី៦ ក្នុងក្របខណ្ឌនៃវគ្គសិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ សាលាភូមិន្ទរដ្ឋបាល សម្រាប់កម្មវិធីបណ្ដុះបណ្ដាលឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិក្ខាកាម ក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារសំខាន់របស់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ ដែលបានចំណាយពេលវេលាដ៏វិសេសវិសាល អញ្ជើញមកធ្វើបាឋកថានាពេលនេះ និងសូមចាត់ទុក ការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ បំពេញបន្ថែម និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕