(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គសិស្សមន្ត្រីក្រមការជំនាន់ទី៩ នៃសាលាភូមិន្ទរដ្ឋបាល។
លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង នៃសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖
សាលាភូមិន្ទរដ្ឋបាល បានធ្វើការជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី៩ ដោយបានចាប់ផ្ដើមធ្វើការទទួលពាក្យពីថ្ងៃទី៧ ខែសីហា និងឈប់ទទួលពាក្យនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃផុតកំណត់។ ក្នុងរយៈពេលទទួលពាក្យនេះ សាលាភូមិន្ទរដ្ឋបាលទទួលបេក្ខជនដែលបានដាក់ពាក្យសរុបចំនួន ១៣៥០អង្គ/នាក់(ស្រី៦៣១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ៧៤អង្គ មន្ត្រីរាជការចំនួន ៦៣នាក់។ ដោយសារបញ្ហាជំងឺ COVID-19 បានរីករាលដាលក្នុងសហគមន៍ ២៨ វិច្ឆិកា ២០២០ បានធ្វើឱ្យការប្រឡងប្រជែងសិស្សមន្ត្រីក្រមការលើកទី៩ ធ្វើការលើកពេលប្រឡង។ បន្ទាប់ពីការបិទ បញ្ចប់ការរីករាលដាលក្នុងសហគមន៍ ២៨ វិច្ឆិកា ២០២០ សាលាភូមិន្ទរដ្ឋបាលបានរៀបចំការប្រឡង សិស្សមន្ត្រីក្រមការលើកទី៩ សម្រាប់វិញ្ញាសាសរសេរលើកទី១ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ហើយបានប្រកាសលទ្ធផលនៃការប្រឡងនេះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយទទួលបានបេក្ខជនចំនួន ២៤០នាក់(ស្រីចំនួន ៧៣នាក់) ដើម្បីយកមកធ្វើការប្រឡងប្រជែងលើកទី២ បន្តទៅទៀត។
ចំពោះការប្រឡងប្រជែងនេះ សាលាភូមិន្ទរដ្ឋបាលបានខិតខំពិចារណាយ៉ាងល្អិតល្អន់ជាទីបំផុត ដើម្បីរៀបចំការប្រឡងនេះប្រកបដោយតម្លាភាព
និងភាពជឿទុកចិត្តពីសំណាក់បេក្ខជន ព្រមទាំងធ្វើយ៉ាងណា គោរពឱ្យបានទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩។
ចំពោះការប្រឡងប្រជែងលើកទី២ គឺបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ហើយបានប្រកាសលទ្ធផលជាប់ជាស្ថាពរ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយទទួលបានសិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២២អង្គ/នាក់(ស្រីចំនួន ៤៣នាក់) ក្នុងនោះមានព្រះសង្ឃចំនួន ៨អង្គ មន្ត្រីរាជការចំនួន ៨នាក់ ផងដែរ។
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិស្សមន្ត្រីក្រមការជំនាន់ទី៩ នៃសាលាភូមិន្ទរដ្ឋបាល
ថ្ងៃទី៨ ខែកុម្ភៈ ២០២១