(ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ
បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាតម្រង់ទិសលើកទី៧ ក្រោមប្រធានបទ «ដំណើរជីវិតអ្នក អនាគតខ្ញុំ» ដែលបានរៀបចំឡើងដោយវិទ្យាល័យ២៤កញ្ញា សហការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាល័យ២៤កញ្ញា ស្ថិតនៅភូមិត្រពាំងកក់ ឃុំពោធិអង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
សម្រាប់សិក្ខាសាលាលើកទី៧នេះ បង្កើតឡើងក្នុងគោលបំណងជួយតម្រង់ទិសដល់សិស្សានុសិស្សអំពីជំនាញសិក្សា និងអាជីពការងារ ដើម្បីផ្តល់ចំណេះដឹង ព្រមទាំងបទពិសោធន៍ និងគន្លឹះក្នុងការសិក្សា ការជ្រើសរើសមុខវិជ្ជាសិក្សា អាជីពការងារ និងជំរុញឱ្យសិស្សគិតអំពីការងារក្នុងក្តីសុបិនកាន់តែស៊ីជម្រៅថែមទៀត។ បន្ថែមពីនេះ គឺដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សចូលរួមស្តាប់ការចែករំលែក បទពិសោធន៍នៃដំណើរជីវិត របស់វាគ្មិន ដែលធ្លាប់បានឆ្លងកាត់កន្លងមក។
សូមបញ្ជាក់ផងដែរថា នេះគឺជាកម្មវិធីលើកទី៤ ដែលសាលាភូមិន្ទរដ្ឋបាល បានសហការរៀបចំជាមួយវិទ្យាល័យ២៤កញ្ញា ក្នុងនោះមានសិក្ខាសាលាតម្រង់ទិស ចំនួន៣លើក និងដំណើរទស្សនកិច្ចសិក្សាមកសាលាភូមិន្ទរដ្ឋបាល ចំនួន១លើក។