loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិសម្រាប់ឆ្នាំ២០២២ ស្តីពី “ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា”

(រាជធានីភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិសម្រាប់ឆ្នាំ២០២២
ស្តីពី “ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

តាមរយៈមតិស្វាគមន៍របស់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា៖
តាមរយៈសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េនៃសាកលវិទ្យាល័យញូវសៅវែល (University of New South Wales) នៃប្រទេសអូស្ត្រាលី បានសហការរៀបចំកម្មវិធីសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិសម្រាប់ឆ្នាំ២០២២ ស្តីពី “ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា” ដែលនឹងដំណើរការប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញរាជធានីភ្នំពេញ។

តាមពិត កិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១៨ មកម្លេះ និងយើងបានសហការរៀបចំសិក្ខាសាលាអន្តរជាតិជាបន្តបន្ទាប់ ដូចជា នៅចុងឆ្នាំ២០១៩ យើងបានរៀបចំផ្ទាល់នៅរាជធានីភ្នំពេញ និងក្រោយមកនៅដើមឆ្នាំ២០២១ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ យើងបានរៀបចំតាមប្រព័ន្ធអនឡាញ។

ក្នុងនាមក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ខ្ញុំសូមសំដែងនូវការស្វាគមន៍ និងអរគុណ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលមានទាំងវាគ្មិន និងសិក្ខាកាមរបស់កម្ពុជា និងដែលអញ្ជើញមកពីបណ្តាប្រទេសអាស៊ាន ព្រមទាំងប្រទេសក្រៅពីតំបន់អាស៊ាន មានដូចជា សាធារណៈរដ្ឋកូរ៉េ និងប្រទេសអូស្ត្រាលី ដែលមានតួនាទីជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកវិភាគគោលនយោបាយជាន់ខ្ពស់ សរុបប្រមាណជាង ២០០នាក់។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររបស់សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េនៃសាកលវិទ្យាល័យញូវសៅវែលប្រទេសអូស្ត្រាលី ដែលខិតខំនិងយកចិត្តទុកដាក់ខ្ពស់សហការគ្នាសម្របសម្រួលក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង៕