loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ជួបពិភាក្សាជាមួយ លោកបណ្ឌិត Seung-Ho Kwon នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវកូរ៉េ នៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំនៃសាលាភូមិន្ទរដ្ឋបាល

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបពិភាក្សាជាមួយ លោកបណ្ឌិត Seung-Ho Kwon នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវកូរ៉េ នៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី អំពី ការបន្តកិច្ចសហប្រតិបត្តិការក្នុងការរៀបចំសិក្ខាសាលាអន្តរជាតិ ដែលបានរៀបចំដោយផ្ទាល់ប្រកបដោយជោគជ័យកាលពីឆ្នាំ២០១៩ កន្លងទៅ និងតាមប្រព័ន្ធអនឡាញកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល និងលោកបណ្ឌិតនាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវកូរ៉េ បានឯកភាពគ្នាក្នុងការគ្រោងរៀបចំសិក្ខាសាលាអន្តរជាតិ នៅចុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលនឹងមានការចូលរួមពីវាគ្មិន និងសិក្ខាកាម ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី កូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចែករំលែក និងពិភាក្សាអំពីបញ្ហាជំងឺកូវីដ-១៩ បញ្ហាប្រឈម ក៏ដូចជាឱកាសក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសសមាជិកអាស៊ាន ជាមួយនឹងប្រទេសកូរ៉េក្រោយវិបត្តិជំងឺកូវីដ-១៩៕