loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបសំណេះសំណាល សម្រាប់វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រង់រដ្ឋបាល និងវគ្គវិក្រឹតការមន្ត្រីក្រមការ ឆ្នាំ២០២២

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨  ខែមេសា ឆ្នាំ២០២២

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ណែនាំពីការបណ្ដុះបណ្ដាល បទបញ្ជាផ្ទៃក្នុង និងរដ្ឋបាលសិក្សា សម្រាប់វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រង់រដ្ឋបាល និងវគ្គវិក្រឹតការមន្ត្រីក្រមការ ឆ្នាំ២០២២។

លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្តនៃសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖

  • វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល ៖ មកពី ៤១ក្រសួង ស្ថាប័ន / រាជធានីខេត្ត (ថ្នាក់ក្រោមជាតិ) ១២ស្ថាប័ន សរុប ៩៥អង្គនាក់/ ស្រី២៣នាក់ ព្រះសង្ឃ ២អង្គ
  • វគ្គវិក្រឹតការមន្រ្តីក្រមការ ៖ មកពី ១៦ក្រសួង ស្ថាប័ន / ថ្នាក់ក្រោមជាតិ ៨ស្ថាប័ន សរុប ២៧អង្គនាក់/ ស្រី១៦នាក់។

ក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានសម្ដែងការកោតសរសើរចំពោះកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រង់រដ្ឋបាល និងវគ្គវិក្រឹតការមន្ត្រីក្រមការ ឆ្នាំ២០២២ ទាំងអស់ ដែលអញ្ជើញមកទទួលការសិក្សានៅសាលាភូមិន្ទរដ្ឋបាល បន្ថែមពីនេះ ឯកឧត្ដមនាយក ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីបាវចនាទាំងបួនរបស់សាលាភូមិន្ទរដ្ឋបាលគឺ៖ វិន័យ  គុណភាព  គុណធម៌ នវានុវត្តន៍ កម្មសិក្សាការីទាំងអស់ត្រូវចេះគោរពវិន័យ និងឱ្យតម្លៃដល់សាលាក្នុងការទទួលយកនូវចំណេះដឹងបន្ថែមថ្មីៗ ការពង្រឹងស្មារតី សីលធម៌ មនសិការវិជ្ជាជីវៈ ការស្គាល់ខ្លួនឯង ភក្ដីភាព នវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ គឺជាគោលដៅសំខាន់នៃការបណ្ដុះបណ្ដាលនេះផងដែរ ដើម្បីរួមចំណែកពង្រឹង និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដមនាយកសាលា ក៏បានរំលេចនូវគុណតម្លៃរបស់មន្ត្រីរាជការក្នុងការបម្រើសេវាសាធារណៈ មន្ត្រីរាជការត្រូវដឹងអំពីតម្លែដែលយើងអោយទៅអ្នកដទៃ គឺខុសគ្នាពីតម្លៃដែលខ្លួនយើងមាន «ការផ្ដល់តម្លៃឱ្យអ្នកដទៃ គឺជាការផ្ដល់តម្លៃឱ្យខ្លួនឯង» កម្មសិក្សាការី នៃវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រង់រដ្ឋបាល និងវគ្គវិក្រឹតការមន្ត្រីក្រមការ ឆ្នាំ២០២២ ទាំងអស់
ត្រូវចេះបង្កើតទំនាក់ទំនងឱ្យបានល្អអំឡុងពេលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ក៏ដូចជាការថែរក្សាសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននូវជោគជ័យក្នុងការងារ និងជីវិតប្រចាំថ្ងៃផងដែរ៕