(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីធម្មសាកច្ឆាស្ដីពី «ព្រះធម៌ និងសង្គម» ប្រធានបទ «ការអប់រំចិត្តតាមគន្លងព្រះពុទ្ធសាសនា ក្នុងយុគសម័យទំនើប» របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៃសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីនេះត្រូវបាននិមន្ត និងអញ្ជើញចូលរួមដោយ៖
១. ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃពុទិ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ
២. ព្រះវិបុលវេទិបណ្ឌិត ពេញ វិបុល ព្រះអនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សានៃអគ្គាធិការដ្ឋានពិទ្ធិកសិក្សាជាតិ
៣. ព្រះមង្គលវិជ្ជា នី សុខបញ្ញា សមាជិកការិយាលព័ត៌មានផ្សព្វផ្សាយ និងទំនាក់ទំនង អន្តរជាតិនៃលេខាធិការដ្ឋានគណៈសង្ឃនាយក
៤. ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ម.អ.ដ.ន ព្រមទាំងថ្នាក់ដឹកនំា មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ និងសាធារណៈជនដែលបានចូលរួមតាមប្រព័ន្ធអនឡាញ Zoom។
តាមរយៈមតិស្វាគមន៍របស់ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម បានមានប្រសាសន៍ថា៖
ជាការពិតណាស់ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងការការពារ និងកំណត់សីលធម៌សង្គម ព្រមទំាងបានផ្សារភ្ជាប់នឹងដំណើរគន្លងវិថី នៃយុគសម័យទំនើបផងដែរ។ សាសនាជាកម្លាំងជួយក្នុងការចាត់ចែងអំពីរបៀបវិន័យ និងសីលធម៌សង្គមដោយសមាជិករបស់សង្គម។ សាសនាបានជួយបណ្តុះគ្រឹះនៃសេចក្តីចម្រើនដល់សង្គម ដូចជាការផ្តល់នូវការសិក្សាអប់រំវិជ្ជាជីវៈខាងសាសនាមានតួនាទីសំខាន់ក្នុងការការពារ និងកំណត់សីលធម៌សង្គមក្នុងការជំរុញឱ្យមានការចាត់ចែងអំពីរបៀបវិន័យ និងសីលធម៌សង្គមដោយសមាជិក របស់សង្គម។ សាសនាធ្វើឱ្យមនុស្សបដិបត្តិតាមគោលធម៌ តាមឱវាទការអប់រំរបស់សាសនាដែលបានណែនាំឱ្យបដិបត្តិ ស្ថាប័នសាងតម្លៃនិយម បទដ្ឋានសង្គម និងជួយឱ្យស្ថាប័នគ្រួសារ ក៏ដូចជាស្ថាប័នគ្រប់គ្រងបំពេញតួនាទីរួមគ្នាយ៉ាងរឹងមាំ ព្រមទំាងជួយបណ្តុះគ្រឹះនៃសេចក្តីចម្រើនដល់សង្គម ដូចជាការផ្តល់នូវការសិក្សាអប់រំវិជ្ជាជីវៈខាងសុជីវធម៌ សីលធម៌ សុខាភិបាល និងការគ្រប់គ្រងជាដើម។ ដូច្នេះសាសនាមានតួនាទីក្នុងការចងភ្ជាប់សង្គមឱ្យក្លាយជាធ្លុងមួយ មានភាពសាមគ្គីដោយសមាជិកប្រកាន់យក ឬបដិបត្តិតាមគោលធម៌ គឺឱវាទរបស់សាសនាដូចគ្នា ធ្វើឱ្យពលរដ្ឋក្នុងសង្គមរួមសាមគ្គីគ្នាយ៉ាងស្អិតរមួត។ ម៉្យាងទៀត គ្រប់សាសនាកើតឡើងក្នុងគោលបំណង គឺសេចក្តីសុខ សន្តិភាព កំចាត់ទុក្ខភ័យឱ្យប្រជាជន ទើបធ្វើឱ្យសង្គមអាចរួមរស់ជាមួយគ្នាបានដោយភាពសុខសាន្ត ភាពសុខដុមរមនា និងជួយអភិវឌ្ឍសង្គមដែលស្ថិតក្នុងពិភពលោកទាំងមូលផងដែរ៕