loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់លិខិតថ្លែងអំណរគុណ ដល់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល)

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សាលាភូមិន្ទរដ្ឋបាល

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់លិខិតថ្លែងអំណរគុណ ដល់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល)។

លោក ផា ច័ន្ទរ៉ា តំណាងកម្មសិក្សាការី បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំបាទ ផា ច័ន្ទរ៉ា តំណាងឱ្យកម្មសិក្សាការី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីសាលាទាំងអស់ ដែលរៀបចំកម្មវិធីប្រគល់លិខិតថ្លែងអំណរគុណ ដល់កម្មសិក្សាការី យើងខ្ញុំទាំងអស់គ្នា ក្នងន័យរំលេចស្មារតីសប្បុរសធ៌ម ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ក្នុងកិច្ចការសង្គម អំឡុងពេលសិក្សា ក្រោមដំបូលសាលាភូមិន្ទរដ្ឋបាល របស់កម្មសិក្សាការីយើងទាំងអស់ ដែលជាសាក្ខីកំពុងអង្គុយក្នុងអង្គពិធី ក្នុងសហសាលសាលាភូមិន្ទរដ្ឋបាលនាពេលនេះ។

កម្មវិធីប្រគល់លិខិតថ្លែងអំណរគុណ ដែលប្រារព្ធឡើងពេលនេះ គឺជាលទ្ធផលនៃការរួបរួមបែបភាតរភាព បែបមហាគ្រួសារនៃយើងទាំង ៧៦អង្គ/នាក់ ជាព្រះសង្ឃ មន្ត្រីរាជការ និមន្ត និងអញ្ជើញមកពីច្រើនស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងពី ៣វត្តអារាម មកជ្រកក្រោមដំបូលសាលាភូមិន្ទរដ្ឋបាល ក្រេបយកចំណេះវិជ្ជា ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ទាំងថ្មីទាំងចាស់ ក្នុងន័យនវានុវត្តន៍ចំណេះដឹង ឱ្យទាន់ការវិវឌ្ឍ នៃយុគសម័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យាទំនើប នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ឈានចូលជំនាន់ទី៥.០ ដែលពិភពលោកកំពុងរត់ និងប្រដេញគ្នា ក្នុងខ្សែរបន្ទាត់ដ្យាក្រាមឆ្ពោះទៅមុខ និងឡើងលើយ៉ាងលឿន ដែលទាមទារឱ្យយើងជាមន្ត្រីសកម្មទាំងអស់ មកសិក្សាបំប៉ន ក្រោមការដឹកនាំពីសំណាក់ ថ្នាក់ដឹកនាំសាលា ពិសេស ឯកឧត្តមនាយកសាលាភូមិន្ទ ដែលចូលរួមជាអធិបតីនាពេលនេះស្រាប់។

ថ្វីបើជំងឺកូវីដ-១៩ បានឃាំងយើងទាំងអស់គ្នាមិនឱ្យមានការជួបជុំក្នុងថ្នាក់ រៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ដោយផ្ទាល់យ៉ាងណាក៏ដោយ ប៉ុន្តែផ្ទុយទៅវិញ យើងទាំងអស់គ្នាបានប្រែក្លាយបញ្ហាប្រឈមនេះ ទៅជាឱកាសមាស នវានុវត្តន៍ចំណេះដឹង តាមរយៈការប្រើបច្ចេកវិទ្យាទាន់សម័យ ក្រេបចំណេះវិជ្ជា ផ្លាស់ប្តូរបទពិសោធន៍ ផ្ទេរចំណេះដឹង និងប្រាស្រ័យទាក់ទងរវាងគ្នា និងគ្នា តាមប្រព័ន្ធ online និងទទួលបានការសិក្សាជាទីពេញចិត្តថែមទៀតផង៕