(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និង ឯកឧត្ដមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្ដីពី «ឱកាសក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល»។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង៖ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សិក្ខាសាលានេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្សព្វផ្សាយ មិនត្រឹមតែជូនដល់និស្សិតដែលកំពុងសិក្សា ឬទើបបានបញ្ចប់ការសិក្សា ចាប់ពីកម្រិតឧត្ដមសិក្សាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ជូនដល់អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាភ្នាក់ងារសាធារណៈ នៅតាមក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬជាបុគ្គលិក ដែលកំពុងបម្រើការងារនៅក្នុងវិស័យឯកជន ឬសង្គមស៊ីវិល ដែលប្រាថ្នាចង់ចូលរួមប្រឡងប្រជែង ចូលវគ្គបណ្ដុះបណ្ដាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល នាពេលខាងមុខនេះផងដែរ៕
