(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី «ការវាយតម្លៃប្រសិទ្ធភាពកម្មវិធីកសាងសមត្ថភាពរយៈពេល ៣ឆ្នាំ របស់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាភូមិន្ទរដ្ឋបាល»។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ៖ សាលាភូមិន្ទរដ្ឋបាល សហការជាមួយ វិទ្យាស្ថានជាតិអភិវឌ្ឍន៍ធនធានមនុស្ស (NHI) របស់សាធារណៈរដ្ឋកូរ៉េ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណង មិនត្រឹមតែដើម្បីវាយតម្លៃអំពីប្រសិទ្ធភាពនៃកម្មវិធីកសាងសមត្ថភាពរយៈពេល ៣ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការចែករំលែក និងពិភាក្សាលើការផ្លាស់ប្ដូរមេរៀនបទពិសោធន៍ ការធ្វើបច្ចុប្បន្នភាពលើនិន្នាការ នៃការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងប្រមូលធាតុចូលពីអ្នកចូលរួមពាក់ព័ន្ធ ក្នុងការកែលម្អផែនការសកម្មភាពសម្រាប់ពេលអនាគតផងដែរ៕