loading

ព័ត៌មានលម្អិត

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងមន្រ្តីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល។ ក្នុងអង្គពិធីនេះ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់នៅក្នុងរបាយការណ៍ អំពីលទ្ធផលដែលសាលាសម្រេចបាននាពេលកន្លងមក ជាពិសេសគឺរក្សាកេរ្តិ៍ឈ្មោះរបស់សាលាអោយបានល្អ និងទិសដៅបន្តក្នុងឆ្នាំខាងមុខដែលនឹងត្រូវបើកវគ្គបណ្ដុះបណ្ដាល ខ្លីៗបន្ថែមទៀត ដើម្បីឈានទៅមុខជានិរន្តរ៍។
ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍គាំទ្រនូវសកម្មភាព និងលទ្ធផលដែលសាលាសម្រេចបាននាពេលកន្លងមក និងសូមកោតសសើរដល់ការខិតខំប្រឹងប្រែងដើម្បីប្រទេសជាតិទាំងអស់គ្នា។
ឯកឧត្ដមរដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ល្អៗបន្ថែម ពាក់ព័ន្ធការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ។
ឯកឧត្ដមរដ្ឋមន្ត្រី គាំទ្រ និងអោយតម្លៃខ្ពស់ ដល់ការខិតខំសិក្សារៀនសូត្រ ពិសេស សាលាត្រូវរក្សាកិត្តិនាមអោយបានល្អ ត្រូវដើរតួនាទីសំខាន់ ចូលរួមកសាងធនធានមន្រ្តីរាជការ បង្រៀនអោយចេះគិត ចេះសន្និដ្ឋាន ចេះធ្វើការ មិនមែនជាការឃោសនាទេ និងជាស្នូល នៃការកែទម្រង់រដ្ឋបាលសាធារណៈ។
បន្ទាប់ពីពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ និងមន្រ្តីនៃសាលាភូមិន្ទរដ្ឋបាលរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានចែកជូននៅទឹកអាកុលលាងដៃ ជូនដល់ប្រជាពលរដ្ឋ ដែលបានធ្វើចរាចរណ៍នៅមុខ សាលាភូមិន្ទរដ្ឋបាល ដើម្បីយកទៅលាងដៃ និងរក្សាអនាម័យ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ។