loading

ព័ត៌មានលម្អិត

ឯកឧត្ដម តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ ផ្តល់បាឋកថាស្ដីពី «សិទ្ធិ និងករណីយកិច្ចប្រជាពលរដ្ឋខ្មែរ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបាឋកថាតាមប្រព័ន្ធអនឡាញ ស្ដីពី «សិទ្ធិ និងករណីយកិច្ចប្រជាពលរដ្ឋខ្មែរ» ដោយមានការអញ្ជើញចូលរួម ជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្ដម តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ ជូនដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំង កម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៩៤២អង្គ/នាក់។

តាមមតិស្វាគមន៍របស់ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ជាការពិតណាស់ ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨។ ផ្អែកតាមស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នដែលមានសមត្ថកិច្ច សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យ ធម្មនុញ្ញភាព និងសម្រេចអំពីករណីវិវាទកម្ម ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ កម្មសិក្សាការីទាំងអស់ របស់សាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារៈសំខាន់របស់ ឯកឧត្ដម តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ និងសូមចាត់ទុកការចូលរួមចំណែកនេះជាសកម្មភាពយ៉ាងថ្លៃថ្លា ក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាល របស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕