(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យា» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១១ សិស្សមន្ត្រីក្រមការ ជំនាន់ទី៩ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ ក្នុងឆ្នំា២០២១ ទាំងអស់ សរុបចំនួនប្រមាណ ១១៥៥អង្គ/នាក់។
តាមរយៈមតិស្វាគមន៍ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិស្សមន្ដ្រីជាន់ខ្ពស់ សិស្សមន្ដ្រីក្រមការ និង កម្មសិក្សាការីទាំងអស់របស់ សាលាភូមិន្ទរដ្ឋបាល ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារសំខាន់របស់ ឯកឧត្ដមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏វិសេសវិសាល អញ្ជើញមកធ្វើបាឋកថាទាក់ទងទៅនឹងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលនេះ និងសូមចាត់ទុកការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដល់ដំណើរការបណ្ដុះបណ្ដាលរបស់ សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជា៕