(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្ដមបណ្ឌិត ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ (Microsoft Team) ស្តីពី «ផែនទីចង្អុលផ្លូវ ស្ដីពី ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្ដិ ជំងឺកូវីដ-១៩» ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីក្រមការ ជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៩៧២អង្គ/នាក់។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថានាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ(Online) ដែលនេះជាបាឋកថាលើកទី៨ ក្នុងក្របខណ្ឌសាលាភូមិន្ទរដ្ឋបាលសម្រាប់កម្មវិធីបណ្ដុះបណ្ដាល ឆ្នាំ២០២១។
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិស្សមន្ដ្រីក្រមការ ជំនាន់ទី៩ កម្មសិក្សាការីទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារៈសំខាន់របស់ ឯកឧត្ដមបណ្ឌិត និងសូមចាត់ទុកការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕