loading

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផ្តល់បាឋកថា ស្តីពី «ភាពជោគជ័យគន្លឹះក្នុងវិស័យអប់រំ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជោគជ័យគន្លឹះក្នុងវិស័យអប់រំ» ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួន ១៥១នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យបានចែករំលែកនូវការអនុវត្តជាក់ស្តែងនូវខ្លឹមសារសំខាន់ជាគន្លឺះនៃភាពជោគជ័យក្នុងវិស័យអប់រំ រួមមានការកំណត់ទិសដៅច្បាស់លាស់ ផែនការអនុវត្តល្អ និងភាពជាអ្នកដឹកនាំរឹងមាំ។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ ដែលនេះជាបាឋកថាលើកទី៥ ក្នុងក្របខណ្ឌនៃវគ្គសិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ សាលាភូមិន្ទរដ្ឋបាល សម្រាប់កម្មវិធីបណ្ដុះបណ្ដាលឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក។

ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិក្ខាកាម ក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារសំខាន់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលបានចំណាយពេលវេលាដ៏វិសេសវិសាល អញ្ជើញមកធ្វើបាឋកថានាពេលនេះ និងសូមចាត់ទុក ការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕