loading

ព័ត៌មានលម្អិត

សេចក្តីប្រកាសព័ត៌មាន សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) បានរៀបចំសន្និសីទស្តីពី “ការរៀបចំផែនការ សម្រាប់ទីក្រុងឆ្លាតវៃ”

សេចក្តីប្រកាសព័ត៌មាន
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ និងក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទស្តីពី “ការរៀបចំផែនការ សម្រាប់ទីក្រុងឆ្លាតវៃ”។

ដោយសារស្ថានភាពកូវីដ-១៩ និងដើម្បីរក្សាគម្លាតសុវត្ថិភាព សន្និសីទនេះត្រូវបានរៀបចំ និងចូលរួមតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ លោក Benedict Cheong នាយកប្រតិបត្តិមូលនិធិ Temasek អន្តរជាតិ និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា សាស្ត្រាចារ្យ វាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំកម្រិតចាប់ពីអគ្គនាយករង ដល់រដ្ឋលេខាធិការនៅថ្នាក់ជាតិ និងសិក្ខាកាមជាអភិបាលរង អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងប្រធានក្រុមប្រឹក្សារាជធានីខេត្ត ឬតំណាង សរុបប្រមាណជាង២០០នាក់។

ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាផ្នែកមួយនៃគម្រោងកសាងក្របខណ្ឌសមត្ថភាពថ្នាក់ដឹកនាំជាអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ក្រោមគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងសាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលបានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១នេះ។

គោលបំណងសំខាន់នៃសន្និសីទអន្តរជាតិថ្ងៃនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍៖ (១) សារ:សំខាន់នៃភាពជាអ្នកដឹកនាំ និងការដឹកនាំការផ្លាស់ប្តូរជាវិជ្ជមាន (ជាករណីសិក្សា អំពី រដ្ឋាករទឹកភ្នំពេញរបស់កម្ពុជា) ដែលធ្វើបទបង្ហាញដោយលោក Lim Siong Guan អតីតប្រមុខមុខងារសាធារណៈសិង្ហបុរី និង(២) ការកសាងទីក្រុងឆ្លាត ដែល ធ្វើបទបង្ហាញដោយលោក Huang Jue Jing អនុប្រធានជាន់ខ្ពស់ នៃការិយាល័យរដ្ឋាភិបាលឌីជីថល និងប្រជាជាតិឆ្លាតវៃ ( Smart Nation) របស់សិង្ហបុរី។

អង្គសិក្ខាសាលាបានស្វែងយល់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ក្នុងការកំណត់ និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងត្រូវមានសមត្ថភាពព្យាករណ៍ ត្រៀមខ្លួនរួចជាស្រេច និងប្រកាន់វិធានការសមស្រប សម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមឲ្យមានវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាព។

ថ្លែងមតិបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សំដែងនូវការគាំទ្រចំពោះការដឹកនាំប្រកបដោយនវានុវត្តន៍របស់អាស៊ានក្នុងការបង្កើតបណ្ដាញទីក្រុងឆ្លាតដែលអភិបាលកិច្ចល្អនៃការគ្រប់គ្រងទីក្រុងបែបនេះ នឹងជួយឱ្យប្រជាជនគ្រប់រូបអាចរស់នៅបាន (Liveable City)។ សម្រាប់កម្ពុជាប្រព័ន្ធអភិបាលកិច្ចរឹងមាំក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួយឱ្យកម្ពុជាពុះពារដោះស្រាយបានវិបត្តិកូវីដ-១៩៕