(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២
សាស្ត្រាចារ្យបណ្ឌិត អ៊ុន ឃាង ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois នៃសហរដ្ឋអាមេរិក ជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាទីប្រឹក្សាវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្ដីពី «ប្រភេទរបបដឹកនាំ និងការអភិវឌ្ឍសេដ្ឋកិច្ច» (Regime types and Economic Development) ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ កម្មវិធីបាឋកថានេះត្រូវបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Microsoft Team)។
ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្ដល់ជូនលិខិតថ្លែងអំណរគុណ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់របស់ លោកសាស្ត្រាចារ្យបណ្ឌិត អ៊ុន ឃាង សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក សមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាទីប្រឹក្សាវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងសូមចាត់ទុក បាឋកថាថ្ងែនះ ជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕