loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣

សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្រោមធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្ដមនាយកបានមានប្រសាសន៍ថា៖ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីបែបនេះចំនួន ៣លើករួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ដោយមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន ៤៨៧អង់/នាក់ (ស្រ្តី ៨៨នាក់ និងព្រះសង្ឃ ៩អង្គ) ដោយមានសមាសភាពជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងសប្បុរសជនផ្សេងទៀត។

ចំពោះកម្មវិធីលើកទី៤ ក្នុងឆ្នាំ២០២៣នេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ចំនួន ៣៤៨អង្គ/នាក់ (ស្រ្ដី ៨៦នាក់ និងព្រះសង្ឃ ៦អង្គ) ក្នុងនោះរួមមាន៖
-ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់ក្រសួងមុខងារសាធារណៈ
-សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល និងកម្មសិក្សាការីមន្ត្រីក្រមការ និង
-អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសាធារណជនផ្សេងទៀត។

ចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម បានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកម្មវិធីបរិច្ចាគឈាមលើកមុន។ ការកើនឡើងនេះ បញ្ជាក់ថា៖ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្សមន្ត្រី កម្មសិក្សាការី អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសប្បុរសជនផ្សេងទៀតបានផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌មួយនេះនិងបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមបន្ទាន់ឱ្យរួចផុតពីសេចក្តីស្លាប់។

កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ជាសកម្មភាពសង្គមគំរូមួយដែលនឹងជួយជំរុញ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែប្រសើរឡើង ស្របតាមបាវចនារបស់ខ្លួនដើម្បី វិន័យ គុណភាព គុណធម៌ និងនវានុត្តន៍៕