(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
យោងតាមស្មារតីអនុស្សរណៈស្តីពីការយោគយល់គ្នារ ចុះថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២១
ក្រុមការងារ សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតវគ្គបណ្តុះបណ្តាល ស្តីពី “ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ” សម្រាប់មន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពការងារពាក់ព័ន្ធ នៅសាលាភូមិន្ទរដ្ឋបាល ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់៖
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញផង និងអញ្ជើញចូលរួមផ្ទាល់ផង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១១២នាក់ (ស្រី១៩នាក់)។
តាមរបាយការណ៍ស្វាគមន៍របស់ លោក ស៊្រាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត នៃសាលាភូមិន្ទរដ្ឋបាល ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ” នេះបានបញ្ជាក់ថា៖
ផ្អែកលើបេសកកម្ម ចក្ខុវិស័យក្នុងការបណ្ដុះបណ្ដាលរបស់សាលាក្នុងឆ្នាំសិក្សា២០២១ ការបណ្តុះបណ្តាលក្នុងវគ្គនេះ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីជាបួនម៉ូឌុល៖
Modul-A ស្វែងយល់ពីទស្សនៈរបស់ប្រធានស្ថាប័ន
Modul-B ជំនាញរដ្ឋបាល និងការងារទំនាក់ទំនង
Modul-C ការគ្រប់គ្រង និងការរៀបចំថវិកាអង្គភាព
Modul-D អនុវត្តករណីសិក្សា និងការងារសង្គម ដែលសរុបមានចំនួន ១៥៦ម៉ោង។
គោលបំណងវគ្គបណ្ដុះបណ្ដាល ការកសាងសមត្ថភាព ព្រមទាំងសមត្ថភាពជំនាញបច្ចេកទេសលើការងារគ្រប់គ្រងដឹកនាំ ការងាររដ្ឋបាល មានសមត្ថភាពក្នុងការបង្កើតគំនិតឆ្លើយតបតម្រូវការ ការកសាងក្រុមប្រកបដោយប្រសិទ្ធភាព បង្កើនសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីចូលរួមអភិវឌ្ឍន៍អង្គភាពប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពការងារពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ។
សាលាភូមិន្ទរដ្ឋបាលរំពឹងថា នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងមានសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ រៀបចំផែនការ កំណត់គោលដៅការងារជាក់ស្តែងជាមួយមន្រ្តីក្នុងអង្គភាព ធ្វើការចាត់តាំង បែងចែកភារកិច្ច គ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍសមត្ថភាព ឥរិយាបថវិជ្ជមានរបស់មន្រ្តី ការរៀបចំលិខិតរដ្ឋបាលដោយប្រសិទ្ធភាពសម្រាប់អង្គភាព។
ក្នុងនាម ឯកឧត្តមនាយក ឯកឧត្តម-លោកជំទាវនាយករង គណៈគ្រប់គ្រង និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល ស្តីពី “ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ” អញ្ជើញពីអង្គភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពការងារពាក់ព័ន្ធ ទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់របស់ ឯកឧត្តមនាយសេនីយ៍ ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក ដែលបានចំណាយពេលវេលាដ៏វិសេសវិសាលអញ្ជើញចូលរួម បើកវគ្គបណ្តុះបណ្តាលនេះ និង សូមចាត់ទុកការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជម្រុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាលក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាកិច្ចបញ្ចប់នៃពិធីបើកវគ្គនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ដាំផ្ញើដល់សិក្ខាកាមក្នុងវគ្គនេះទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងរៀនសូត្រតាមប្រព័ន្ធអនឡាញអោយបានខ្ពស់ ដោយគោរពតាមគោការណ៍របស់សាលាភូមិន្ទរដ្ឋបាល និងថែរក្សាសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននៅជោគជ័យក្នុងការងារ និងជីវិតប្រចាំថ្ងៃផងដែរ៕