loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល នាំយកអំណោយសប្បុរសជនចែកជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរជា ជាងសំណង់ និងអ្នករើសអេតចាយ ចំនួន ១៥០គ្រួសារ ក្នុងតំបន់បិទខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យ១

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងនាំយកអំណោយ ជូនដល់ ប្រជាពលរដ្ឋ ដែលប្រកបរបរជា ជាងសំណង់ និងអ្នករើសអេតចាយ សរុបប្រមាណ ១៥០គ្រួសារ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) នៃសង្កាត់ស្ទឹងមានជ័យ១ រួមមាន៖
មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ពងទា និងសាប៊ូ ដែលជាទឹកចិត្តសប្បុរសធម៌របស់គណៈគ្រប់គ្រងសាលា ក្រុមប្រឹក្សា សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាលនៃគម្រោង «រួមជួយដើម្បីរីករាយទាំងអស់គ្នា ក្នុងពេលកូវីដ-១៩» ដែលបានរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ចោមចៅ២ ដែលជាការជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលសាលាភូមិន្ទរដ្ឋបាល បាននាំយកអំណោយជាស្បៀងចែកជូន ដល់បងប្អូនដែលប្រកបរបរជាជាងសំណង់ និងអ្នករើសអេតចាយ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនេះ ឯកឧត្ដម យក់ ប៊ុនណា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ដោយការគិតគូរយកចិត្តទុកដាក់ជាខ្លាំងអំពីសុខទុក្ខ សុខុមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកផ្ទាល់ ដើម្បីសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូន ដើម្បីជួយសម្រាលការលំបាកបានមួយកម្រិត។

ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានលើកឡើងទាក់ទងនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដោយត្រូវអនុវត្តន៍នូវវិធានការ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវអត់ធ្មត់ ដើម្បីគោរពវិធានការបិទខ្ទប់នេះមួយរយៈពេលខ្លី ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតា ដូចមុនវិញ៕