loading

ព័ត៌មានលម្អិត

សេចក្តីប្រកាសព័ត៌មាន សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាលាមុខងារសាធារណ:សិង្ហបុរី បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា Online ស្តីពី “ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់”

សេចក្តីប្រកាសព័ត៌មាន

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ និងក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា Online ស្តីពី “ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់”។

ដោយសារស្ថានភាពកូវីដ១៩ និងដើម្បីរក្សាគម្លាតសុវត្ថិភាព កម្មវិធីនេះត្រូវបានរៀបចំ និងចូលរួមតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ លោក Benedict Cheong នាយកប្រតិបត្តិមូលនិធិ Temasek អន្តរជាតិ សាស្ត្រាចារ្យ វាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំកម្រិត អគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល និងសមាជិកគណៈកម្មការ (Steering Committee) ជាអនុរដ្ឋលេខាធិកា និងរដ្ឋលេខាធិការ មកពីបណ្តាក្រសួងស្ថាប័នមួយចំនួន សរុបប្រមាណជាង៣០នាក់។

ការរៀបចំទស្សនកិច្ចសិក្សា Online ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាផ្នែកមួយនៃគម្រោងកសាងក្របខណ្ឌសមត្ថភាពថ្នាក់ដឹកនាំជាអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ក្រោមគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និងសាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលបានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១នេះ។

គោលបំណងសំខាន់នៃកម្មវិធីទស្សនកិច្ចសិក្សា Online ថ្ងៃនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍លើ៖ (១) វិធីសាស្ត្ររដ្ឋាភិបាលទាំងមូល (Whole of Government Approach) ក្នុងការរៀបចំផែនការ និងអនុវត្តការងារអាទិភាពជាតិ (២) យុទ្ធសាស្ត្រ និងកត្តាជម្រុញ ក្នុងការលើកកម្ពស់នវានុវត្តន៍ ក្នុងអភិបាលកិច្ច និង(៣) ស្វែងយល់ពីតួនាទី របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងស្ថាប័ន ក្នុងការគាំទ្រដល់កំណែទម្រង់រដ្ឋបាលសាធារណៈ។

ទស្សនកិច្ចសិក្សា Online បានស្វែងយល់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ក្នុងការកំណត់ និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួន ចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងត្រូវមានសមត្ថភាពព្យាករណ៍ ត្រៀមខ្លួនរួចជាស្រេច និងប្រកាន់វិធានការសមស្រប សម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមឲ្យមានវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាព៕