(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល ដឹកនាំ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីក្រមការ បន្ទប់លង្វែក វេនព្រឹក និងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ចុះអនុវត្តការងារសង្គមក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ជម្ងឺឆ្លង!” ដោយបានចែកជូននូវ ទឹកអាល់កុលលាងដៃចំនួន ១៥០ដប ដល់អ្នកខ្វះខាតរួមមាន អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី កម្មករ កម្មការនី សន្ដិសុខ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ឆ្លងកាត់នៅខាងមុខសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីចែកទឹកអាល់កុលលាងដៃនេះ គឺជាសកម្មភាពសង្គមមួយ ដែលរៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ។
បន្ថែមពីនេះផងដែរ ក៏បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកយកទឹកអាល់កុលលាងដៃ និងធ្វើដំណើរ ឆ្លងកាត់នៅខាងមុខសាលាភូមិន្ទរដ្ឋបាល ឱ្យចូលរួមអនុវត្ត តាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដែលមានដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹកស្អាត ឬទឹកអាល់កុល ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអានាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្ដាសាយ
៤. ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនឱ្យបានឆ្អិនល្អ
៦. ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
ព្រមទាំងបានបញ្ជាក់ជូនដល់ បងប្អូនប្រជាពលរដ្ឋ ផងដែរថា ប្រសិនបើមានអាការៈសង្ស័យ សូមបងប្អូនទូរស័ព្ទទៅលេខ ១១៥ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញរបស់ក្រសួងសុខាភិបាលផ្ទាល់។
សូមបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល អនុវត្តសកម្មភាពនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែមេសា មក និងនៅតែបន្តធ្វើ ជាបន្តបន្ទាប់ទៀត។ សកម្មភាពសង្គមនេះ ទទួលបានថវិកាគាំទ្រពី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំងអតីត កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩៕
សកម្មភាពសង្គមរបស់សាលាភូមិន្ទរដ្ឋបាល ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ថ្ងៃទី២២ ខែឧសភា ២០២០