ថ្ងៃទី៧ ខែមេសា ២០២២
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍៖ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការជំរុញការថែទាំសុខភាពបឋម» ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី២ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួន ១៦១នាក់ មកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានតំណែងចាប់ពី អភិបាលរងរាជធានី-ខេត្ត អភិបាលខេត្ត អគ្គនាយករង អគ្គនាយក អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ។
លោកជំទាវវេជ្ជបណ្ឌិតបានចែករំលែកនូវបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងនូវខ្លឹមសារសំខាន់ជាគន្លឹះនៃភាពជោគជ័យ និងបទពិសោធន៍ជាដំណោះស្រាយបញ្ហាប្រឈមក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលតាមរយៈការគិតគូរអំពីយុទ្ធសាស្ត្រ និងការដោះស្រាយទប់ស្កាត់នៃការរាលដាលវីរុសកូវីដ-១៩ សម្រាប់រៀបចំដឹកនាំ និងការធ្វើនវានុវត្តន៍បន្ថែមទៀតក្នុងការជំរុញការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងពីគន្លឹះជាយុទ្ធសាស្ត្រក្នុងការដឹកនាំនិងនវានុវត្តន៍ការងារចំពោះមុខបន្ថែមទៀតដោយផ្អែកលើកត្តា
១) ការរៀបចំប្រព័ន្ធសុខាភិបាលដែលមាននវានុវត្តន៍
២) ការបណ្តុះបណ្តាលមន្ត្រី គ្រូពេទ្យជំនាញ វេជ្ជបណ្ឌិត និង
៣) ការគិតគូរពីតម្រូវការជាក់ស្តែងតាមស្ថានភាព ចំណេះដឹង វប្បធម៌ សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។ កត្តាទាំងនេះជាមូលដ្ឋានក្នុងការផ្សាភ្ជាប់នូវគំលាតនៃសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការផ្គត់ផ្គង់នូវសេវាសាធារណៈរបស់វិស័យសុខាភិបាល។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលតំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលា នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ ដែលនេះជាបាឋកថាលើកទី៩ បន្ថែមលើបាឋកថាចំនួន៨ផ្សេងទៀត ក្នុងក្របខណ្ឌនៃវគ្គសិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី២ នៃសាលាភូមិន្ទរដ្ឋបាល សម្រាប់កម្មវិធីបណ្ដុះបណ្ដាល ឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិក្ខាកាម ក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារសំខាន់របស់ លោកជំទាវវេជ្ជបណ្ឌិត ដែលបានចំណាយពេលវេលាដ៏វិសេសវិសាល អញ្ជើញមកធ្វើបាឋកថានាពេលនេះ និងសូមចាត់ទុក ការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ បំពេញបន្ថែម និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕