loading

ព័ត៌មានលម្អិត

លោកជំទាវកិត្តិបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ផ្តល់បាឋកថា ស្តីពី ភាពចម្រុះបរិយាប័ន្ន និងសមធម៌

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

លោកជំទាវកិត្តិបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី ភាពចម្រុះបរិយាប័ន្ន និងសមធម៌៖ គន្លឹះសម្រាប់ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងដើម្បីសាងអនាគតប្រកបដោយចិរភាព និងវិបុលភាព ជូនដល់សិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួន ១៥១នាក់។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានចែករំលែកនូវគុណតម្លៃ នៃភាពចម្រុះសមធម៌ និងបរិយាប័ន្ន នៅក្នុងសង្គម ធុរកិច្ច សេដ្ឋកិច្ច សម្រាប់សមភាពយេនឌ័រ តាមរយៈការធ្វើនវានុវត្តន៍ ការចូលរួមរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សហការី និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេចកាន់តែប្រសើរឡើង។
បន្ថែមពីនេះឥទ្ធិពលនៃការលើកកម្ពស់ភាពចម្រុះ និងបរិយាប័ន្នធ្វើឲ្យកាន់តែមាននវានុវត្តន៍ និងពង្រីកសមត្ថភាពច្នៃប្រឌិត ការប្រកួតប្រជែង និងជំរុញសេដ្ឋកិច្ច និងវិបុលភាពនៃសេដ្ឋកិច្ចជាតិ។

ការអនុវត្តជាពិសោធន៍ជាក់ស្តែងរបស់ក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់ ភាពចម្រុះ បរិយាប័ន្ន និងសមធម៌យេនឌ័រអាចសម្រេចបានតាមរយៈការជំរុញការរៀបចំ និងការអនុវត្តច្បាប់ គោលនយោបាយ កម្មវិធីជាតិ និងតាមវិស័យ ការជំរុញឲ្យមានការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច និងភាពជាអ្នកដឹកនាំ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី បន្សាំ និងភាពធន់ក្នុងបរិបទការប្រែប្រួលអាកាសធាតុ និងការអនុវត្តន៍នូវកម្មវិធីផ្លាស់ប្តូរឥរិយាបទជាសាធារណៈ។ លើសពីនេះភាពចម្រុះ បរិយាប័ន្ន និងសមធម៌ គឺជាសក្តានុពលសម្រាប់ពង្រីក និងពង្រឹងប្រសិទ្ធភាព និងគុណវុឌ្ឍិនៃការដឹកនាំ ហើយអាចសម្រេចបានតាមរយៈការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការសមាជិកសង្គមទាំងអស់។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ ដែលនេះជាបាឋកថាលើកទី៨ ក្នុងក្របខណ្ឌនៃវគ្គសិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១សាលាភូមិន្ទរដ្ឋបាល សម្រាប់កម្មវិធីបណ្ដុះបណ្ដាលឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក។

ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិក្ខាកាម ក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារៈសំខាន់របស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏វិសេសវិសាល អញ្ជើញមកធ្វើបាឋកថានាពេលនេះ និងសូមចាត់ទុក ការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ បំពេញបន្ថែម និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕