loading

ព័ត៌មានលម្អិត

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦»

នាព្រឹកថ្ងៃពុធ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦»។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល តំណាងសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក គ្រូបង្គោល និងសិក្ខាកាម សរុបប្រមាណ ១៥០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម Igor Driesmans ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានមានមតិស្វាគមន៍គណៈធិបតី និងអង្គសិក្ខាកាម ដោយធ្វើការរៀបរាប់ពីសាវតារនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងគម្រោងកន្លងមកដែលធ្លាប់បានរៀបចំក្រោមកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល។

បន្ទាប់មក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរៀបរាប់ក្នុងរបាយការណ៍ដែលមានខ្លឹមសារ៖
សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួន៥ ជំនាន់មកហើយ ដែលជាលទ្ធផល សិក្ខាកាមចំនួន ៨៥១នាក់ (ស្រី១៤០នាក់) បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យស្មើនឹង៩៨%។ ដោយឡែកសម្រាប់ «វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦» នាពេលនេះ នឹងធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមជាន់ខ្ពស់ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល អភិបាលក្រុង ស្រុក នាយករដ្ឋបាល ខេត្ត ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្ដាក្រសួង-ស្ថាប័ន ចំនួន៣០ អង្គភាព ស្ថាប័ន គណៈកម្មការជាតិដឹកនាំការដ្ឋានកែទម្រង់ទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន២៥ រាជធានី-ខេត្ត ព្រមទាំងមានមន្ត្រីជាន់ខ្ពស់នៃស្ថានទូតអូស្ត្រាលី ចំនួន១រូប សរុបចំនួន ១៦២នាក់ (ស្រី២៩នាក់)។ ការបណ្ដុះបណ្ដាលមានរយៈពេល ៧សប្ដាហ៍ ដោយ ៦សប្ដាហ៍សិក្សាតាមប្រព័ន្ធអនឡាញ និង ១សប្ដាហ៍សិក្សាផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល។

ក្រោយបានស្តាប់របាយការណ៍របស់វាគ្មិនទាំងពីរខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសាលាភូមិន្ទរដ្ឋបាល និងដៃគូអភិវឌ្ឍន៍ ដែលបានវិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្ម បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបក្នុងការអភិវឌ្ឍសមត្ថភាពក្នុងពេលបច្ចុប្បន្ន និងអនាគត ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់សង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ រៀបចំឡើងដើម្បីឆ្លើយតបនឹងអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺមនុស្ស ហើយក៏ស្របទៅនឹងការងារអាទិភាពដែលមានចែងក្នុងមុំទី១ មុំទី២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណសំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំសម្រាប់អ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយ សមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ ក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវខ្ពស់៕