loading

ព័ត៌មានលម្អិត

ពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហម ជំនាន់ទី១ ឆ្នាំ២០២៤

នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលតេជោសន្តិភាព នៃសាលាភូមិន្ទរដ្ឋបាល

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលនិងបើកវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហម ជំនាន់ទី១ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមរបស់កាកបាទក្រហមកម្ពុជា សរុប ៤៨នាក់ (ស្រី ២៦) ដើម្បីទទួលការបណ្តុះបណ្តាលក្នុងវគ្គជំនាន់ទី១នេះ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ៗដូចជា៖
-ទី១ លើកកម្ពស់ការអភិវឌ្ឍចំណេះដឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃការងារក្នុងក្របខ័ណ្ឌអភិបាលកិច្ច និងបរិវត្តកម្មរដ្ឋបាលសាធារណៈ។
-ទី២ រៀបចំ និងផ្តល់ការបណ្តុះបណ្តាលដោយឡែក ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីឱ្យសមស្របទៅនឹងតម្រូវការនៃការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅរបស់កាកបាទក្រហមកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល, ប្រព័ន្ធនិងអភិក្រមការងារនៅក្នុងអង្គភាព ប្រព័ន្ធរដ្ឋបាលកម្ពុជា ស្ថាប័ននយោបាយ ទំនាក់ទំនងសាធារណៈ សញ្ញាណហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធព័ត៌មានវិទ្យា។