loading

ព័ត៌មានលម្អិត

ពិធីបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹងនាំ និងមន្រ្តី នៃមន្ទីរមុខងារសាធារណៈ វគ្គទី២ ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈ វគ្គទី២ ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព  ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ សមាភាពដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីមាន ឯកឧត្តមនាយករងទទួលបន្ទុក អនុប្រធានវគ្គ គ្រូសម្របសម្រួល គ្រូជំនួយ និងថ្នាក់ដឹកនាំ មន្ត្រីជាសិក្ខាកាមអញ្ជើញមកពីមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត សរុបចំនួន១១០នាក់ (ចូលរួមតាមតាមប្រព័ន្ធអនឡាញ) ក្នុងនោះគូសបញ្ជាក់ផងដែរថាកន្លងមក សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈ  វគ្គទី១ កន្លងមក តាមរយៈប្រព័ន្ធអនឡាញចំនួន១០០នាក់ រួចមកហើយ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវគ្គទី២នេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងផងដែរថាក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈ ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានខ្ពស់សមស្របទៅតាមត្រូវការការងារប្រចាំថ្ងៃ និងត្រូវមានបុរេសកម្មក្នុងការបំពេញការងារ ដើម្បីលើកកំពស់ប្រសិទ្ទភាពការងាររបស់មន្ត្រីរាជការស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។