(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ កម្មសិក្សាការីឆ្នាំ២០១៨ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ របស់សាលាភូមិន្ទរដ្ឋបាល ។
សាលាភូមិន្ទរដ្ឋបាល បានធ្វើការពង្រឹង និងពង្រីកជាប្រចាំលើប្រសិទ្ធភាព និងគុណភាពនៃកម្មវិធីបណ្តុះបណ្តាល តាមរយៈការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើការងារដឹកនាំ, ការងារគ្រប់គ្រង, ការងារបណ្តុះបណ្តាល, និងការជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់, សិស្សមន្ត្រីក្រមការ, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់-មន្រ្តីមធ្យម។ ក្នុងនោះ សាលាភូមិន្ទរដ្ឋបាល បានផ្តោតទៅលើការកែទម្រង់រចនាសម្ព័ន្ធ និងដំណើរការការងារ ព្រមទាំងការធ្វើទំនើបកម្មកម្មវិធីសិក្សា, ការកែទម្រង់លើការជ្រើសរើសបេក្ខជន ជាកម្មសិក្សាការីឲ្យចូលរៀនតាមរយៈ ការប្រឡងត្រួតពិនិត្យសមត្ថភាព និងដោយមានការប្រើប្រាស់ប្រព័ន្ធ Online និង ការកែទម្រង់ការគ្រប់គ្រងដំណើរការនៃបណ្តុះបណ្តាល តាមរយៈការបញ្ជ្រាប កម្មវិធីចុះការងារសង្គម ដើម្បីស្វែងយល់ពីគុណតម្លៃសាធារណៈនៅតាមមូលដ្ឋាន។
សាលាភូមិន្ទរដ្ឋបាលក៏មានរៀបចំការបណ្តុះបណ្តាលបន្តដល់មន្ត្រីរាជការ ជាវគ្គវិក្រឹត្យការ ព្រមទាំង វគ្គ បណ្តុះបណ្តាលរយៈពេលខ្លី ដែលមានរយៈពេលចន្លោះពី ៣ ថ្ងៃ ទី ១២០ ម៉ោង ដោយផ្អែកលើសេចក្តីត្រូវការជាក់ស្តែងនៃការងាររបស់ក្រសួង ស្ថាប័ន និងវគ្គខ្លះផ្អែកលើការចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយស្ថាប័នដៃគូរផងដែរ។ គិតត្រឹមឆ្នាំ ២០១៩ នេះ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាលបន្តបានចំនួន ២៦ វគ្គ សម្រាប់វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់-មន្ត្រីគ្រប់គ្រងរដ្ឋបាល-មន្ត្រីមធ្យម-មន្ត្រីក្រមការ ដែលមានកម្មសិក្សាការី សរុបចំនួន ៥៣៤៣ នាក់ (នារី ៥៦០ នាក់) និងវគ្គបណ្តុះបណ្តុះបណ្តាលរយៈពេលខ្លីដែលមានរយៈពេលចន្លោះពី ៣ថ្ងៃ ទៅ ១២០ ម៉ោង ដោយរាប់ចាប់ពីឆ្នាំ២០១៦មក បានចំនួនជាច្រើនវគ្គ ដែលមានសិក្ខាកាមសរុបចំនួន ៣៣៩៧ នាក់ (នារី ៩១៧ នាក់)។ មន្ត្រីរាជការដែលចូលរៀនវគ្គសិក្សាទាំងនេះ សុទ្ធតែត្រូវឆ្លងកាត់ការប្រឡងត្រួតពិនិត្យសមត្ថភាព និងការអនុញ្ញាតរបស់ក្រសួង ស្ថាប័ន ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សមន្រ្តី និងកម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់នូវដំបូន្មាន និងអនុសាសន៍ផ្សេងៗ ក្នុងការពង្រឹងប្រសិទ្ធភាព លើការងាររបស់មន្រ្តីរាជការ។
សម្តេចអគ្គមហាសេនាបតីតេជោ បានអបអរសាទរ និងកោតសរសើរដល់ជ័យលាភីទាំងអស់ និងសូមកោតសរសើរ ដល់សាលាភូមិន្ទរដ្ឋបាល ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសមន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា អោយកាន់តែមានសមត្ថភាពពេញលេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នៅក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផ្តល់ដំបូន្មាន និងក្រើនរំលឹកដល់មន្រ្តីដូចខាងក្រោម៖
-បើឧបករណ៍ទំនើប តែមនុស្សមិនទំនើបទេ ការងារនៅតែដដែល។
-ក្រសួង ស្ថាប័នមួយដំណើរការទៅល្អប្រសើរ គឺត្រូវការជាចាំបាច់នូវគុណភាពរបស់មន្ត្រី។
-ត្រូវចាំឱ្យច្បាស់ថាខ្លួនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។
-មន្ត្រីមិនត្រូវដើរពើងទ្រូងនោះទេ ការពើងទ្រូងនឹងនាំដល់ក្តីវិនាស។
-មន្ត្រីត្រូវចាំថា ប្រជាពលរដ្ឋជាគោលដៅត្រូវយកចិត្តទុកដាក់ មិនមែនជាគោលដៅត្រូវបំផ្លាញនោះឡើយ។
-សម្តេចមិនទុកមន្ត្រីឆ្មើងឆ្មៃ មន្ត្រីដែលធ្វើជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។
-ពេលនៅឱ្យប្រជាពលរដ្ឋស្រឡាញ់ និងពេលចេញត្រូវឱ្យប្រជាពលរដ្ឋនឹក។
-កន្លែងណាមានបញ្ហា គឺត្រូវតែមានមុខរបស់មន្ត្រី។
-កុំធ្វើជាមន្ត្រីជើង១០ គឺត្រូវធ្វើជាមន្ត្រីជើង២។
-មន្ត្រីត្រូវរត់រកការងារធ្វើ មិនត្រូវឱ្យការងាររត់មករកនោះទេ។
-ដើម្បីសម្រេចលើការងារ ត្រូវពឹងផ្អែកជាសំខាន់លើការរៀបចំផែនការ។
-កុំរងចាំតែអនុសាសន៍។
-មន្ត្រីដែលជួបបញ្ហា ហើយសុំតែអនុសាសន៍ និងទម្លាក់កំហុសទៅក្រោម គួរតែត្រូវដកចេញ។
-មន្ត្រីដែលជួបបញ្ហា ហើយប្រឹងប្រែងដោះស្រាយការងារនៅនឹងកន្លែង គឺត្រូវលើកទឹកចិត្ត។
-ការគិតគូរឱ្យចិនមានគ្រោះថ្នាក់ គឺជាការនាំគ្រោះថ្នាក់ដល់ខ្លួនឯងផងដែរ។
-ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ជាស្ថានភាពដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។
-មន្ត្រីជាប្តីល្អ អត់មានរកស៊ីអ្វីទេ តែទៅកន្លែងណា ក៏ជាប្តីរបស់ប្រពន្ធដែរ។
-កុំធ្វើខ្លួនឱ្យក្លាយជាមន្ត្រីគ្រាប់ល្ពៅ។
-មន្ត្រីត្រូវតែរំលឹក និងដាស់តឿនខ្លួនឯងជាប្រចាំថា ខ្លួនមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។
មន្រ្តីជើងពីរមានការទទួលខុសត្រូវ និងចេះចុះជួយដោះស្រាយប្រជាពលរដ្ឋប្រកបដោយការទទួលខុសនិងត្រូវ និងចេះធ្វើការរួមគ្នាជាក្រុម។ កុំប៉ែងជើងគ្នា និងកុំក្តិចត្រួយ បើមានមន្រ្តីណាមានសមត្ថភាពពិតប្រាកដគឺយើងរុញឡើង។ ហើយចំពោះមន្រ្តីដែលបានធ្វើធំហើយ ក៏មិនត្រូវភ្លេចមន្រ្តីតូចតាចដែរ។ ក្រៅពីការប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់អ្នកដែលបានបញ្ចប់ការសិក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ របស់សាលាភូមិន្ទរដ្ឋបាល។
ពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ កម្មសិក្សាការីឆ្នាំ២០១៨ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២០
ថ្ងៃទី២៥ ខែកុម្ភៈ ២០២០