loading

ព័ត៌មានលម្អិត

ពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០ ឆ្នាំ២០២១ និងពិធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០ ឆ្នាំ២០២១ និងពិធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាសមាជិករាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សាកលវិទ្យាធិការ សាស្ត្រាចារ្យ សិក្ខាកាមវគ្គមន្ត្រីជាន់ខ្ពស់ សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ក្រុមប្រឹក្សាសាលា គណ:គ្រប់គ្រងសាលា សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល តំណាងអង្គទូត អង្គការអន្តរជាតិជាដៃគូសហប្រតិបត្តិការជាមួយសាលាភូមិន្ទរដ្ឋបាល ដែលមានចំនួនសរុប ២៧០៦ អង្គ/នាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានការណ៍ជាតិ និងអន្តរជាតិ មានដូចជា បញ្ហាជំងឺកូវីដ-១៩ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ តែកម្ពុជាត្រូវបន្តធ្វើសង្គ្រាមជាមួយនឹងជំងឺនេះបន្តទៀត ពីព្រោះយើងមិនដឹងថា តើជំងឺកូវីដ-១៩ នឹងត្រូវចប់នៅពេលណានោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រវ៉ាក់សាំងរបស់កម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋដោយមិនគិតអំពីនិន្នាការនយោបាយ ការប្រកាន់ជាតិសាសន៍ ពណ៌សំបុរ គឺធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋទទួលបាននូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិអាទិភាពមុនសិទ្ធិអ្វីៗទាំងអស់។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺដោយសាររាជរដ្ឋាភិបាលបានដោះស្រាយនៅនឹងកន្លែងបានទាន់ពេលវេលានៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការអំណាចដល់មូលដ្ឋាន ក្នុងការអនុវត្តវិធានការសុខាភិបាល ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅទទួលយកការចាក់វ៉ាក់សាំង និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធី សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ដ៏មានតម្លៃជូនសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ត្រូវចាំថា៖
• រំលឹកខ្លួនឯងជាប្រចាំ ខ្លួនជាមន្ត្រីត្រូវបម្រើប្រជាពលរដ្ឋ មិនមែនធ្វើជាចៅហ្វាយប្រជាពលរដ្ឋនោះឡើយ ហើយប្រជាពលរដ្ឋគឺជាគោលដៅដែលមន្ត្រីត្រូវតែបម្រើ
• វិធីសាស្ត្រដឹកនាំ និងធ្វើការត្រូវឆ្លងកាត់តំណាក់កាល មានផែនការការងារល្អ ដែលចាត់ទុកជាផែនទីចង្អុលផ្លូវសម្រាប់យើងត្រូវអនុវត្ត
• ត្រូវចាត់តាំងអនុវត្តផែនការ ដោយមានទាំងធនធានមនុស្ស ថវិកា និងសម្ភារ
• មានផែនការល្អ យើងសម្រេចបានតែ ៣០% ចាត់តាំងអនុវត្តបាន យើងសម្រេចបាន ៣០% និង៤០% ទៀត ជាកត្តាចៃដន្យដែលអាចលេចឡើងក្នុងពេលអនុវត្តផែនការនោះ ហើយវាពឹងពាក់ទាំងស្រុងទៅលើសមត្ថភាពដោះស្រាយរបស់ថ្នាក់ដឹកនាំ
• មន្ត្រីដែលល្អ គឺជាមន្ត្រីដែលខិតខំដោះស្រាយបញ្ហានៅនឹងកន្លែង រីឯមន្ត្រីមិនល្អគឺជាមន្ត្រីដែលស្តីបន្ទោសឲ្យថ្នាក់ក្រោម និងពូកែរាយការណ៍ទៅថ្នាក់លើ
• មន្ត្រីដែលមិនមានសមត្ថភាពដោះស្រាយកត្តាចៃដន្យទេ គឺជាមន្ត្រីដែលខ្វះនូវសមត្ថភាពនៃការដឹកនាំនិងចាត់ចែងការងារ
• សូមកុំឲ្យក្លាយខ្លួនជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១៕