(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ និងបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ សម្រាប់កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ និងបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ សម្រាប់កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញចូលរួមផ្ដល់បាឋកថាចែករំលែកបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ ដល់អង្គពិធីទាំងមូលផងដែរ។
ពិធីនេះត្រូវបានរៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានការចូលរួមពីតំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល សិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី៣ និងជំនាន់ទី៤ សរុបអ្នកចូលរួមមានចំនួន ៤៣១នាក់។
វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រចំណេះដឹងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំនិងការគ្រប់គ្រងការផ្លាស់ប្តូរអង្គភាព និងរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការល្អនិងផលិតភាពខ្ពស់។