(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១៥រូប អញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបានឯកភាពគ្នាលើគោលការណ៍សំខាន់ៗ ចំនួន ៤ចំណុច ដូចខាងក្រោម៖
១)- ផ្លាស់ប្តូរសិស្ស និស្សិត កម្មសិក្សាការី មន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក
២)- អនុវត្តគម្រោងសហប្រតិបត្តិការ ស្រាវជ្រាវរួមគ្នា, ការចូលរួម និងរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា
៣)- ផ្លាស់ប្តូរព័ត៌មាន និងសម្ភារបរិក្ខារផ្នែកសិក្សាអប់រំផ្សេងៗ សហការបណ្តុះបណ្តាលរួមគ្នា និង
៤)- លើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សាអប់រំផ្សេងៗទៀតតាមការឯកភាពគ្នា៕
ឯកឧត្ដម ហឿន សំនៀង បានមានប្រសាសន៍រាយការណ៍អំពីដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានគោលបំណងបណ្តុះបណ្តាលកូនខ្មែរ ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌អត្តចរិក ចរិយាសម្បត្តិត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិ កង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន ផង និងបង្កើតឱ្យមានអ្នកបន្តវេនរបស់កម្ពុជាដ៏មានសក្តានុពល និងស្មារតីទទួលខុសត្រូវ លើវិស័យសាធារណការ និងដឹកជញ្ជូន នាពេលអនាគត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ សូមបញ្ជាក់ដែរថា និស្សិតជំនាន់ទី១ របស់វិទ្យាស្ថាន មានចំនួន ១៩១នាក់ កំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញចំនួន ៦។
ក្នុងឱកាសនោះដែរ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ផងដែរថា សាលាភូមិន្ទរដ្ឋបាល ក៏បានបណ្តុះបណ្តាលសិស្សមន្ត្រីក្រមការ សិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីថ្មីដែលបានជ្រើសរើសនៅតាមក្រសួង ស្ថាប័ន និងវគ្គបណ្តុះបណ្តាលបន្ត(វគ្គវិក្រឹត្យការ មន្រ្តីជាន់ខ្ពស់ មន្រ្តីគ្រប់គ្រងរដ្ឋបាល មន្រ្តីមធ្យម និងមន្រ្តីក្រមការ) ព្រមទាំង វគ្គបណ្តុះបណ្តាលរយៈពេលខ្លីផងដែរ។ ទន្ទឹមនឹងនេះ សាលាភូមិន្ទរដ្ឋបាល ក៏កំពុងបន្តការស្រាវជ្រាវ និងចងក្រងករណីសិក្សា ដើម្បីចែករំលែកចំណេះដឹងនៅក្នុងវិស័យសាធារណៈថែមទៀត៕