loading

ព័ត៌មានលម្អិត

បុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តតបសុខារាម ហៅវត្តព្រែកប្រសព្វក្រោម

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩
នៅសាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសដែលប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជន កំពុងចូលរួមប្រកបដោយសទ្ធាជ្រះថ្លា ផ្តើមជាអង្គកឋិនទាន ដើម្បីដង្ហែទៅកាន់ទីអារាមនានា ទូទាំងព្រះរាជាណាចក្រកម្ពុជានោះ ដោយឡែក ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី រួមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកផ្តើមបុណ្យទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តតបសុខារាម ហៅវត្តព្រែកប្រសព្វក្រោម ស្ថិតនៅក្នុងភូមិព្រែកប្រសព្វក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ពិធីបុណ្យកឋិនទាននេះ បានប្រារព្វធ្វើតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយនៅវេលា ម៉ោង២រសៀល ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រារព្វពិធីក្រុងពាលី ប្រារព្វបទនមស្សកាព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចំរើនព្រះបរត្តិ សម្តែងធម៌ទេសនា នៅសាលាភូមិន្ទរដ្ឋបាល ។
លុះនៅវេលាព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ឯឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី រួមនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកផ្តើមបុណ្យទាំងអស់ ដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តតបសុខារាម ហៅវត្តព្រែកប្រសព្វក្រោម ស្ថិតនៅក្នុងភូមិព្រែកប្រសព្វក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។
សូមបញ្ជាក់ថា បុណ្យកឋិនទាននេះ ពុទ្ធបរិស័ទយើងតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ តាមរដូវកាល ដែលមានរយៈពេល ១ខែ ពោលគឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ហើយបុណ្យកឋិនទាននេះ មានអានិសង្ឃខ្ពង់ខ្ពស់បំផុត ពោលគឺអ្នកផ្តើមកសាង អង្គកឋិនទាន ទទួលបានអានិសង្ឃ៥យ៉ាង រីឯព្រះសង្ឃទទួលក្រាលគ្រងអង្គកឋិនទាននេះ ក៏ទទួលបានអានិសង្ឃ ៥យ៉ាងដែរ។
ក្នុងឱកាសនៃពិធីបុណ្យកឋិនទាននេះ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ បានថ្វាយនូវ ព្រះរាជកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងសោយព្រះទីវង្គត់ទៅបរលោកឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ បានយាងគង់ប្រថាប់សោយសុខក្នុងព្រះសុកតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិពាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយនូវព្រះរាជកុសលនេះ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឲ្យព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជាពលរដ្ឋខ្មែរជាកូន ចៅ របស់ព្រះអង្គជាយូរអង្វែងតរៀងទៅ។ ជាមួយគ្នានេះ ក៏សូមឧទ្ទិសកុសល ផលបុណ្យជូនវិញ្ញាណក្ខ័ន បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕