loading

ព័ត៌មានលម្អិត

បាឋកថាស្ដីពី«សក្តានុពលនៃព្រែកជីកហ្វូណនតេជោ សម្រាប់ការអភិវឌ្ឍកម្ពុជា» ដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបាឋកថាស្ដីពី«សក្តានុពលនៃព្រែកជីកហ្វូណនតេជោ សម្រាប់ការអភិវឌ្ឍកម្ពុជា» ដែលមានការអញើញចូលរួមពីសំណាក់ ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រងសាលា គ្រូសម្របសម្រួល គ្រូជំនួយ និងកម្មសិក្សាការី ដែលចូលរួមដោយផ្ទាល់​និងតាមប្រព័ន្ធអនឡាញ​សរុបចំនួន​ប្រមាណជាង​៣៩០អង្គ/នាក់។​

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា គោលបំណងសំខាន់ៗក្នុងការរៀបចំកម្មវិធីបាឋកថានេះ រួមមាន៖ ទី១- ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យ និងទទួល ការណែនាំ ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយផ្ទាល់
ទី២- ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំណែកនូវចំណេះដឹង និងបទពិសោធន៍ការងារដ៏សម្បូរបែបពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍គូសបញ្ជាក់អំពីការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ ដែលបានអនុវត្តន៍សម្រេចនាពេលកន្លងមក និងទិសដៅការងារដែលត្រូវអនុវត្តន៍ជាបន្តបន្ទាប់ទៀត ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន តភ្ជាប់ទៅកាន់ព្រំដែនប្រទេសវៀតណាម ឡាវ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម ។ជាងនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់លម្អិតអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)ផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់ បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផល ប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌎 | telegram
🌎 | Facebook