(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១
ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងមន្ត្រីជាប់កិច្ចសន្យា នៃសាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ការចាក់វ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សមន្ត្រី កម្មសិក្សាការី និងមន្ត្រីជាប់កិច្ចសន្យា នៃសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាសម្រាប់ប្រជាជនទូទៅទូទាំងប្រទេស ដើម្បីការពារខ្លួនទល់នឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ។
យើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ ដែលបានដឹកនាំនិងចាត់ចែងឲ្យមានការរៀបចំការផ្តល់ការចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងមុខងារសាធារណៈ ព្រមទាំងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ ដែលបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំនិងអនុវត្តការងារចាក់វ៉ាក់សាំង នៅសាលាភូមិន្ទរដ្ឋបាល ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ រយៈពេលពីរថ្ងៃ (ថ្ងៃទី១ និងទី២ ខែមេសា ឆ្នាំ២០២១)។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕