(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងគណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍ”សហគមន៍បៃតង” ដែលជាគម្រោងការងារសង្គម រួមគ្នាទាំងបីថ្នាក់របស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២៣ ថ្នាក់វិន័យ ក្រោមប្រធានបទ«ការលើកកំពស់វិស័យអប់រំ និងបរិស្ថាននាំមកនូវស្នាមញញឹមនៃក្តីសង្ឃឹម» ថ្នាក់គុណភាព ក្រោមប្រធានបទ«ថ្នាលវិជ្ជាក្នុងសហគមន៍បៃតង» និងថ្នាក់គុណធម៌ ក្រោមប្រធានបទ«ដាំដុះក្នុងសាលា ផ្លៃផ្កាក្នុងសង្គមប្រកបដោយគុណធម៌» នៃសាលាភូមិន្ទរដ្ឋបាល ។
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នាឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា បាននាំយកនូវ ក្រមាចែកជូន អាណាព្យាបាលសិស្ស ចំនួន២០០នាក់ទុកជាអនុស្សាវរីយ៍ និងដើមអំពិលទឹកបាំរាំង ចំនួន២០០ដើម ដែលទទួលបានការឧបត្ថម្ភពីសាកលវិទ្យាល័យ ក្រុងក្រចេះ មកដាំក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងការចុះអនុវត្តគម្រោងការងារសង្គម ក្រោមប្រធានបទ ទាំង៣ខាងលើកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២៣ (ថ្នាក់វិន័យ ថ្នាក់គុណភាព និងថ្នាក់គុណធម៌)នៃសាលាភូមិន្ទរដ្ឋបាល បាននាំយកមកនូវកូនដើមឈើប្រណិត ចំនួន ៤៦០ដើម មកដាំនៅក្នុងបរិវេណសាលាបឋមសិក្សាផងដែរ ព្រមទាំងបាននាំយកនូវ សម្ភារៈមួយចំនួនដើម្បីចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មានដូចខាងក្រោម៖
១. ឧបត្ថម្ភថវិកា ជូនលោកគ្រូអ្នកគ្រូ ៨នាក់ ក្នុងម្នាក់ៗទទួលបាន ១០០ ០០០រៀល
២. ផ្តល់កាបូប និងសម្ភារសិក្សា ជូនសិស្សានុសិស្ស ២២៥នាក់ ក្នុងម្នាក់ៗទទួលបាន
- ការតាប១
- សៀវភៅ ៥ក្បាល
- ប៊ិច ២ដើម
- ខ្មៅដៃ ២ដើម
- ខួងខ្មៅដៃ ១
- បន្ទាត់ ១
- ថវិកា ១០,០០០រៀល។
សូមបញ្ជាក់ជូនផងដែរថា ថ្ងៃនេះ ជាថ្ងៃខួបគម្រប់១ឆ្នាំ នៃការចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល ដែលអនុវត្តលើកដំបូងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងសាលាបឋមសិក្សាត្រពាំងទ្រាំងនេះ៕