(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងគណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយអាជ្ញាធរឃុំសំបុក និងអាជ្ញាធរស្រុកចិត្របុរី បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍បៃតង ដែលជាគម្រោងការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់ចេនឡា នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «ភូមិខ្ញុំ បរិស្ថានខ្ញុំ និងក្ដីសង្ឃឹមខ្ញុំ»។
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ លោកតាលោកយាយ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា បាននាំយកនូវ ឫស្សីទំពាំងផ្អែមដែលជាការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋនៅភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ គ្រប់ខ្នងផ្ទះចំនួន ៣១៨ខ្នងផ្ទះ (ស្មើនឹងឫស្សី ៣១៨ដើម) និងដាំឫស្សី ១០២ដើម ក្នុងបរិវេណសាលាបឋមសិក្សានិងវត្តសម្បទានកាកុត។
ជាមួយគ្នានោះដែរ ក្រៅពីប្រគេនទេយ្យទាន និងបច្ច័យចំនួន ៣០ម៉ឺនរៀល ជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសម្បទានកាកុត កម្មសិក្សាការីថ្នាក់ចេនឡា ក៏បានចូលរួមធ្វើសកម្មភាពចែកសម្ភារមួយចំនួនជូន លោកតាលោកយាយ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះរួមមាន៖
១. ចាស់ជរា និងជនពិការ ចំនួន ២០នាក់ ម្នាក់ៗជូនអង្ករ ១បាវ, ត្រីខ ៥កំប៉ុង, សារុង ១, ភួយ ១, ក្រម៉ា ១ និងថវិកាចំនួន ៤ម៉ឺនរៀល
២. លោកគ្រូអ្នកគ្រូ ១០នាក់ ម្នាក់ៗជូនសារុង ១, ក្រម៉ា ១ និងថវិកាចំនួន ៤ម៉ឺនរៀល
៣. ក្មួយៗសិស្សានុសិស្ស ចំនួន ៣១៥នាក់ ម្នាក់ៗទទួលបានកាតាប ១, សម្ភារសិក្សា និងថវិកាចំនួន ៥ពាន់រៀល៕