(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងគណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍បៃតង ដែលជាគម្រោងការងារសង្គមរបស់ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «ចូលរួមលើកកម្ពស់សុខុមាលភាព បរិស្ថាន និងការអប់រំនៅភូមិយើង»។
ឯកឧត្តម យក់ ប៊ុនណា បាននាំយកនូវ ឫស្សីទំពាំងផ្អែម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋនៅភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ គ្រប់ខ្នងផ្ទះ ចំនួន ៥៦០ខ្នងផ្ទះ(ស្មើនឹងឫស្សី ៥៦០ដើម) និង ដាំឫស្សី ២១០ដើមក្នុងបរិវេណសាលាបឋមសិក្សាល្អ។
ក្នុងឱកាសនោះ កម្មសិក្សាការី បាននាំយកនូវសម្ភារមួយចំនួនដើម្បីចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មានដូចខាងក្រោម៖
១. ប្រគេនទេយ្យទាន ទានវស្សា និងបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តល្អ
២. ផ្តល់កាបូប និងសម្ភារសិក្សា ជូនសិស្សានុសិស្ស ១៥០នាក់
៣. ឧបត្ថម្ភថវិកា ជូនលោកគ្រូ អ្នកគ្រូ ៧នាក់
៤. ឧបត្ថម្ភថវិកា ជូនជនពិការ ៥នាក់
៥. ផ្តល់ថ្នាំពេទ្យ ៥៦០កញ្ចប់ ជូនប្រជាពលរដ្ឋ
៦. ផ្តល់ថ្នាំពេទ្យ ១០០កញ្ចប់ ជូនមណ្ឌលសុខភាពចង្ក្រង់
៧. ប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ មួយឈុត ជូនរដ្ឋបាលឃុំចង្រ្កង់
៨. បានផ្តល់ ម៉ាស់ និងក្រដាសសើម ចំនួន ១៥០កញ្ចប់ ជូនដល់សិស្សានុសិស្ស
៩.បានផ្តល់ ជែលលាងដៃ ចំនួន ១៥០ដប ដល់សិស្សានុសិស្ស ក្រៅពីនេះ កម្មសិក្សាការី ក៏បាននាំយកនូវកូនឈើក្រញូង ៥០ដើម មកដាំនៅក្នុងបរិវេណសាលាបឋមសិក្សាល្អផងដែរ៕