loading

ព័ត៌មានលម្អិត

ក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមាន សាលាភូមិន្ទរដ្ឋបាល ជាសេនាធិការ បានកំពុងអនុវត្ត គម្រោងសហប្រតិបត្តិការ ក្នុងការរៀបចំក្របខណ្ឌសមត្ថភាព

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩
ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមាន សាលាភូមិន្ទរដ្ឋបាល ជាសេនាធិការ បានកំពុងអនុវត្ត គម្រោងសហប្រតិបត្តិការ ក្នុងការរៀបចំក្របខណ្ឌសមត្ថភាព (Competency Framework) សម្រាប់ថ្នាក់ដឹកនាំជា អគ្គនាយក អគ្គនាយករង ប្រធាននយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច និងក្រសួង-ស្ថាប័ន ផ្សេងៗទៀត។ គម្រោងនេះនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើន សម្រាប់គាំទ្រដល់ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស លើការងារបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ កម្រិតដឹកនាំនៅតាម ក្រសួង -ស្ថាប័ន នានា។
ដើម្បីរៀបចំក្របខណ្ឌសមត្ថភាព សម្រាប់ថ្នាក់ដឹកនាំ ក្នុងវិស័យមុខងារសាធារណៈ ឱ្យបានជោគជ័យ គឺទាមទារឱ្យមាន ការផ្ដល់ជាធាតុចូល ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ជា រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ហើយការផ្ដល់ធាតុចូលនេះ គឺធ្វើឡើងតាមរយៈ កាសម្ភាសន៍ រវាងអ្នកជំនាញសិង្ហបុរី ជាមួយថ្នាក់ដឹកនាំ ដែលត្រូវបានចាត់តាំងឱ្យចូលរួម ដែលការសម្ភាសន៍នឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបបញ្ចប់។