loading

ព័ត៌មានលម្អិត

ក្រសួងមុខងារសាធារណៈសហការជាមួយធនាគារពិភពលោកធ្វើសិក្ខាសាលា តាមប្រព័ន្ធអនឡាញ ស្តីពីផែនការការបន្តនិរន្តរភាពការងារ

(រាជធានីភ្នំពេញ)៖ សិក្ខាសាលាមួយ តាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងមានការគាំទ្រថវិកាដោយមូលនិធិ Trust Fund របស់រដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប (EU) បានបូកសរុប និងវាយតម្លៃការរៀបចំផែនការបន្តនិរន្តរភាពការងារ (Business Continuity Plan-BCP) របស់សា្ថប័ន អង្គភាព ក្នុងស្ថានភាពនៃគ្រោះមហន្តរាយនានា ដូចជាការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ល។

សិក្ខាសាលានេះ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងលោកស្រី អស់លោក ជាវាគ្មិនជាតិ និងអន្តរជាតិ ដែលជាក្រុមការងារនៃធនាគារពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍សរុបចំនួន១២៧នាក់។

មានមតិទៅកាន់សិក្ខាសាលា ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រុមការងារក្រសួងដឹកនាំដោយ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួង មុខងារសាធារណៈជាមួយនឹងក្រុមការងារធនាគារពិភពលោក ក្នុងការត្រៀមរៀបចំឲ្យសិក្ខាសាលានេះបានដំណើរការល្អប្រសើរ ទោះបីជាយើងកំពុងប្រឈមនឹងការលំបាកនានា ក្នុងកាលៈទេសៈនៃការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

ចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អង្គសិក្ខាសាលា នូវខ្លឹមសារសំខាន់៣ចំណុច៖

សិក្ខាកាមទាំងអស់ត្រូវចូលរួមផ្តល់ធាតុចូលបន្ថែមទៀត ដើម្បីធ្វើឲ្យផែនការបន្តនិរន្តរភាព ការងារ-BCP មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចយកទៅអនុវត្តបាន។

ក្រុមការងារ-BCP ត្រូវខិតខំសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យក្លាយទៅជាអ្នកជំនាញ ឬជាជនបង្គោលក្នុងការធ្វើផែនការបន្តនិរន្តរភាពការងារ ដើម្បីជួយក្រសួង ស្ថាប័នដទៃទៀត ក្នុងការរៀបចំ BCP ផងដែរ។

ប្រែក្លាយលទ្ធផល នៃដំណើរការកសាងផែនការបន្តនិរន្តរភាពការងារ-BCP ទៅជាគោលគំនិតជាមូលដ្ឋានសម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាក្នុងទម្រង់ថ្មីនៃសម័យកាលក្រោយកូវីដ-១៩ (The New Normal of Post Covid-19)៕