loading

ព័ត៌មានលម្អិត

កិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍសមត្ថភាព៖ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់អភិបាលកិច្ចមូលដ្ឋាន

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២
កិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍសមត្ថភាព៖ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់អភិបាលកិច្ចមូលដ្ឋាន

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារស្រាវជ្រាវសហគ្រិនភាព និងនវានុវត្តន៍ ដែលដឹកនាំដោយ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម និងសហការី។

ខ្លឹមសារនៃកិច្ចប្រជុំគឺបានផ្តោតសំខាន់លើទស្សនទាននៃភាពជាអ្នកដឹកនាំតាមរបត់ថ្មី(ការផ្តោតលើប្រជាពលរដ្ឋាន តាមទ្រឹស្តី People Centric) ការប្រើប្រាស់ធនធានឌីជីថល(U-Lab) សហគ្រិនភាព នវានុវត្តន៍សម្រាប់អភិបាលកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព ព្រមទាំងការរៀបចំផែនការអភិវឌ្ឍសមត្ថភាពសម្រាប់គណៈអភិបាល និង ក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

លទ្ធផលនៃកិច្ចប្រជុំបានសម្រេចឱ្យក្រុមការងារ រៀបចំចងក្រងឯកសារជាករណីសិក្សាអំពី ការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយដកស្រង់យកបទពិសោធន៍ល្អដែលពាក់ព័ន្ធនឹងការរៀបចំសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់បង្កើតឱកាសការងាររកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការរៀបចំភូមិគំរូ បរិស្ថានបៃតងស្អាត គ្មានសំរាម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិមួយផលិតផលមួយរបស់ រាជរដ្ឋាភិបាល។ លទ្ធផលនៃការសិក្សានឹងត្រូវចងក្រងធ្វើជាឯកសារធនធានសម្រាប់ការសិក្សាស្រាវជ្រាវអភិបាលកិច្ច និង បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ របស់សាលាភូមិរដ្ឋបាល សម្រាប់ធ្វើការបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងជំនាន់ថ្មីដែលត្រូវបន្តវេនដឹកនាំ។

កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមពី ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល លោក ញ៉ែម វិច្ឆិកា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប កញ្ញា Melanie Mossard នាយិកាប្រតិបត្តិ និងកញ្ញា ណារ៉ា សុខេមា នាយិកាកម្មវិធីនវានុវត្តន៍ Impact Hub Phnom Penh។ បន្ទាប់ពីកិច្ចប្រជុំឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានអញ្ជើញក្រុមការងារស្រាវជ្រាវសហគ្រិនភាព និងនវានុវត្តន៍ ដែលដឹកនាំដោយ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម និងសហការី ទស្សនាក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាលផងដែរ៕