loading

ព័ត៌មានលម្អិត

ការអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ “យើងរួមគ្នាសម្អាតបរិស្ថានយើង និងទប់ស្កាត់ជម្ងឺឆ្លង!”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ការអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ “យើងរួមគ្នាសម្អាតបរិស្ថានយើង និងទប់ស្កាត់ជម្ងឺឆ្លង!” ដឹកនាំដោយ៖
-លោក អ៊ុច មុនី អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្ត និងជាគ្រូសម្របសម្រួល កម្មសិក្សាការី
វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល បន្ទប់ឧដុង្គ វេនព្រឹក ព្រមទាំងគ្រូជំនួយ លោក ស៊ឹម វ៉េងហេង
-លោកស្រី សេង សិរីវឌ្ឍនា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាគ្រូសម្របសម្រួល កម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រង់រដ្ឋបាល បន្ទប់សម្ភុបុរៈ វេនព្រឹក
-លោកស្រី ឡុង ស៊ីម៉ាច អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង និងជាគ្រូសម្របសម្រួល សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ និងដោយមានការចូលរួមពី លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង និងមន្ត្រី នៃនាយកដ្ឋានបណ្ដុះបណ្ដាលដំបូង បានធ្វើការដាំកូនផ្កា បោសសម្អាតទីធ្លាក្នុងបរិវេណសាលា និងចែកទឹកអាល់កុលលាងដៃ ជូនដល់ អ្នកខ្វះខាតរួមមាន ជនពិការ អ្នកប្រកបរបររត់ស៊ីក្លូ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី កម្មករ កម្មការនី សន្ដិសុខ និងបងប្អូនប្រជាពលរដ្ឋទូទៅ នៅមុខបរិវេណសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីចែកទឹកអាល់កុលលាងដៃនេះ គឺជាសកម្មភាពសង្គមមួយ ដែលរៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ។ ជាមួយគ្នានេះក៏បានពន្យល់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកយក ទឹកអាល់កុលលាងដៃ ឱ្យចូលរួមអនុវត្ត តាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដែលមានដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬទឹកអាល់កុល ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអានាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្ដាសាយ
៤. ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនឱ្យបានឆ្អិនល្អ
៦. ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
ព្រមទាំងបានបញ្ជាក់ជូនដល់ បងប្អូនប្រជាពលរដ្ឋផងដែរថា ប្រសិនបើមានអាការៈសង្ស័យ សូមបងប្អូនទូរស័ព្ទទៅលេខ ១១៥ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញរបស់ក្រសួងសុខាភិបាលផ្ទាល់។
សូមបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល អនុវត្តសកម្មភាពនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែមេសាមក និងនៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត។ សកម្មភាពសង្គមនេះ ទទួលបានថវិកាគាំទ្រពី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងជំងឺកូវីដ១៩៕