(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយលោកអភិបាលរងស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរឃុំថ្មគ្រែ បានអញ្ជើញរៀបចំដំឡើងបង្គោលនិងអំពូលសូឡា ចំនួន ២០បង្គោល អមតាមបណ្តោយផ្លូវ ដែលការរៀបចំដំឡើងបង្គោលនិងអំពូលសូឡានេះ ស្តិតក្នុងគម្រោង «កម្មវិធីអំពូលសូឡាបំភ្លឺសហគមន៍» របស់សាលាភូមិន្ទរដ្ឋបាល។
«កម្មវិធីអំពូលសូឡាបំភ្លឺសហគមន៍» ជាគម្រោងរៀបចំដាក់បង្គោលនិងអំពូលសូឡា សម្រាប់បំភ្លឺពេលយប់នៅតាមបណ្ដោយផ្លូវស្របដងទន្លេមេគង្គ ក្នុងឃុំសំបុក និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរពេលរាត្រី បង្កើនសោភ័ណភាព និងជំរុញទេសចរណ៍នៅតំបន់រមណីយដ្ឋានកាំពី អន្លង់ផ្សោតកាំពី និងតំបន់ជុំវិញ។
សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះ «កម្មវិធីអំពូលសូឡាបំភ្លឺសហគមន៍» បានរៀបចំដំឡើងបង្គោលនិងអំពូលសូឡា បានរួចរាល់ចំនួន ៦០បង្គោល និងគ្រោងរៀបចំដំឡើងជាដំណាក់កាលៗបន្តបន្ទាប់ទៀត៕