loading

ព័ត៌មានលម្អិត

ការងារសង្គមលើគម្រោងអភិវឌ្ឍន៍សហគមន៍បៃតង របស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ ថ្នាក់ចតុមុខ ក្រុម២ ក្រោមប្រធានបទ «ជំរុញការសិក្សាដល់សិស្សានុសិស្ស»

(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាលក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី គណៈគ្រប់គ្រង មន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល អមដោយអាជ្ញាធរឃុំដារ និងអាជ្ញាធរស្រុកចិត្របុរី បានចុះអនុវត្តការងារសង្គមលើគម្រោងអភិវឌ្ឍន៍សហគមន៍បៃតង របស់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ ថ្នាក់ចតុមុខ ក្រុម២ មានចំនួនសរុប ៦៤នាក់ (ស្រី ១៧នាក់) ក្រោមប្រធានបទ «ជំរុញការសិក្សាដល់សិស្សានុសិស្ស» ស្ថិតនៅសាលាបឋមសិក្សាម្រ៉ើម ក្នុងភូមិម្រ៉ើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

នាឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា បានសំណេះសំណាលជាមួយ លោកតាលោកយាយ ពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងបាននាំយកនូវ ឫស្សីទំពាំងផ្អែម ដែលជាការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងកូនឈើក្រញូងនិងកូនឈើស្តៅ ដែលជាការឧបត្ថម្ភពីរដ្ឋបាលខណ្ឌព្រៃឈើខេត្តក្រចេះ ដើម្បីចែកជូនប្រជាពលរដ្ឋ និងដាំក្នុងបរិវេណសាលាបឋមសិក្សាម្រ៉ើម ព្រមទាំងផ្តល់សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សាប៊ូ ជេលអាល់កុល និងថវិកាទ្រទ្រង់មួយចំនួន ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ដែលជាថវិកាផ្ទាល់របស់ ឯកឧត្ដម និងកម្មសិក្សាការី រួមជាមួយការឧបត្ថម្ភរបស់ ក្រុមហ៊ុន និងសប្បុរសជននានា៖
•  ផ្តល់ជូនកូនឫស្សីទំពាំងផ្អែម ចំនួន ៣៤៥ដើម (ឫស្សី ២៦៥ដើម ផ្តល់ជូនប្រជាពលរដ្ឋ ២៦៥ខ្នងផ្ទះ និងឫស្សី ៨០ដើម ដាំក្នុងបរិវេណសាលាបឋមសិក្សាម្រ៉ើម) និងកូនឈើក្រញូង ចំនួន ១០០ដើម និងកូនឈើស្តៅ ចំនួន ៥០ដើម ដាំក្នុងបរិវេណសាលាបឋមសិក្សាម្រ៉ើម
•  សម្ភារសិក្សាដូចជា៖ សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ ក្តារឈ្នួន កាបូបសិស្ស កាបូបតូច  សម្រាប់សិស្សានុសិស្សនៅសាលាបឋមសិក្សាម្រ៉ើម ថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន ១៣៦នាក់ និង  មតេ្តយ្យសិក្សាសហគមន៍ ចំនួន ៣៧នាក់ សរុបទាំងអស់ ចំនួន ១៧៣នាក់
•  ឧបត្ថម្ភថវិកាជូនលោកគ្រូអ្នកគ្រូចំនួន ៧នាក់
•  ឧបត្ថម្ភថវិកាជូនអ្នកគ្រូមត្តេយ្យ ចំនួន ១នាក់
•  ឧបត្ថម្ភថវិកាជូនអាជ្ញាធរមូលដ្ឋាន និងប្រជាការពារ
•  គ្រឿងឧបភោគបរិភោគរួមមាន៖ ទឹកសុទ្ធ ចំនួន ៥០កេះ (សម្រាប់វេទិកាសាធារណៈ ១២កេះ) ទឹកស៊ីអ៊ីវ សម្រាប់វេទិកាសាធារណៈចំនួន ១២កេះ ចាហ៊ួយចំនួន ២០កេះ នំស្រួយលីលី ៥០០កញ្ចប់តូច
•  សម្ភារមួយចំនួនទៀតរួមមាន៖ ថ្នាំពេទ្យ ម៉ាស់ ជែលអាល់កុល សាប៊ូដុំដុសខ្លួន សាប៊ូទឹកដុសខ្លួន សាប៊ូកក់សក់៕